ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤

កីឡាការិនីប៉េតង់ ចែករំលែកការគ្រប់គ្រងអារម្មណ៍

១៥ ឧសភា ២០២៣ | ព័ត៌មានជាតិ


ចំណុចគន្លឹះ ឬកត្តាសំខាន់បំផុត សម្រាប់កីឡាប៉េតង់ ឬ កីឡាបោះប៊ូល គឺការគ្រប់គ្រងរាងកាយ និងអារម្មណ៍។ កីឡាការិនីប៉េតង់ជម្រើសជាតិ ដែលធ្លាប់ឈ្នះមេដាយមាស ពីការប្រកួតស៊ីហ្គេម បានចែករំលែកយ៉ាងសង្ខេបអំពីការគ្រប់គ្រងអារម្មណ៍ថា ពេលប្រកួត ត្រូវធ្វើអារម្មណ៍ឱ្យស្មើ។


កត្តា ២ យ៉ាងដែលជាគន្លឹះ ឬជាកត្តាប្រមូលផ្តុំ សម្រាប់ការលេងកីឡាប៉េតង់ ឬ កីឡាបោះប៊ូល ទី១ គឺការគ្រប់គ្រងរាងកាយ ដែលការគ្រប់គ្រងរាងកាយនេះ ប្រមូលផ្តុំមកនៅចំណុចបញ្ជាដៃ ឱ្យចំគោលដៅ ហើយដែលអាចគ្រប់គ្រងកាយ បញ្ជាដៃទៅបានបែបនោះ កត្តាសំខាន់បំផុតមួយទៀត គឺការគ្រប់គ្រងអារម្មណ៍ ឱ្យបានល្អជាដាច់ខាត មិនត្រូវឱ្យមានក្តីភ័យខ្លាច ព្រួយបារម្ភ ឬក៏រំភើបទេ ដែលហៅម្យ៉ាងទៀតថា មិនអាចមានសម្ពាធ ហើយក៏មិនអាចសប្បាយភ្លើតភ្លើនជ្រួលជ្រើមដែរ ។ ចំពោះបរិបទ ឬ ខ្លឹមសារ នៃ ការគ្រប់គ្រងអារម្មណ៍នេះ កញ្ញា ស្រ៊ាង សុរ៉ាឃីម កីឡាការិនីប៉េតង់ជម្រើសជាតិ បានពន្យល់យ៉ាងសង្ខេប និងយ៉ាងសាមញ្ញដូច្នេះថា ។

 


គួរជម្រាបជូនថា កញ្ញា ស្រ៊ាង សុរ៉ាឃីម មានដើមកំណើតនៅភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានចូលជាកីឡាការិនីប៉េតង់ជម្រើជាតិ នៅឆ្នាំ២០១៤ បន្ទាប់ពីបានប្រកួតជាប់ថ្នាក់ខេត្ត កាលពីឆ្នាំ២០១៣ ។ សុរ៉ាឃីម បានទៅប្រកួតក្របខណ្ឌស៊ីហ្គេម លើកដំបូងរបស់នាង នៅប្រទេសម៉ាឡេស៊ី ប៉ុន្តែពុំទទួលបានជោគជ័យឡើយ ។ បន្ទាប់មក នាងបានទៅប្រកួតនៅប្រទេសហ៊ីលីពីន នាឆ្នាំ២០១៩ ឈ្នះបានមេដាយមាស ហើយនៅឆ្នាំ២០២១ ក៏បានឈ្នះមេដាយមាស ម្តងទៀត ក្នុងការប្រកួតក្របខណ្ឌស៊ីហ្គេម នេះដែរ ដែលប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ ។

 


ដោយឡែកចំពោះកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ សុរ៉ាឃីម លេងក្នុងវិញ្ញាសាក្រុមនារី ៣ នាក់ ហើយប្រការគួរឱ្យចាប់អារម្មណ៍មួយដែរនោះ គឺ សុរ៉ាឃីម នៅក្នុងក្រុមជាមួយ កីឡាការិនីប៉េតង់កម្ពុជា ម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ ហើយថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នេះ ពេលព្រឹក ក្រុមរបស់ សុរ៉ាឃីម ប្រកួតជាមួយក្រុមហ្វ៊ីលីពី និង ក្រុមមីយ៉ាន់ម៉ា លុះពេលរសៀល បានប្រកួតជាមួយក្រុមថៃ និងបានឡើងទៅវគ្គដណ្តើមមេដាយមាស និងមេដាយប្រាក់ នៅថ្ងៃទី១៣ ខែ និង ឆ្នាំដដែលនេះ ។

 


ចំពោះសាវតារ នៃការលេងកីឡាប៉េតង់ នេះ សុរ៉ាឃីម បានរៀបរាប់ថា ដើមឡើយ នាងគ្រាន់តែលេង ដើម្បី សុខភាពប៉ុណ្ណោះ ។ ប៉ុន្តែក្រោយមក ចិត្តរបស់នាង ក៏ស្រឡាញ់កាន់តែខ្លាំងឡើង ហើយក៏តាំងចិត្តហ្វឹកហាត់ ដើម្បី ប្រកួតដណ្តើមមេដាយ និងកិត្តិយសជូនជាតិមាតុភូមិជាទីស្នេហា ។ក្រៅពីការលេងក្នុងក្រុមជម្រើសជាតិទៅ កញ្ញា ស្រ៊ាង សុរ៉ាឃីម ក៏ជាកីឡាការិនី នៃ កងយោធពលខេមរភូមិន្ទផងដែរ ហើយបច្ចុប្បន្ននាងកំពុងសិក្សា នៅសកលវិទ្យាល័យជាតិគ្រប់គ្រង៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024