ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

បេក្ខសមណៈ និងបេក្ខជនប្រឡង ចូលរៀននៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ កើនឡើងជាងឆ្នាំមុន

៣១ មីនា ២០២៣ | ព័ត៌មានជាតិ


 


បេក្ខសមណៈ និងបេក្ខជន ប្រឡងចូលសិក្សា នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅឆ្នាំនេះ សរុបទាំង ៣ សាខា មានជាង ៨០០ អង្គ និងនាក់។ មន្ត្រីសង្ឃ បានលើកឡើងថា ចំនួនបេក្ខជន បានកើនឡើងជាង ១០០អង្គ និងនាក់ បើធៀបនៅឆ្នាំទៅម៉ិញ។ បានសេចក្តីថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានដើរតួនាទី កាន់តែទូលទូលាយជាងមុន ក្នុងវិស័យអប់រំនៅកម្ពុជា។

 


សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ នេះ បេក្ខសមណៈ និងបេក្ខជន ដែលបានប្រឡងចូលរៀននៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ ដែលជាទីតាំងកណ្តាលមានចំនួន ៣៨២ អង្គ និង នាក់ សាខាខេត្តកំពង់ឆ្នាំង ១៨២ អង្គ និងនាក់ និងសាខាខេត្តបាត់ដំបង ៣០០ អង្គ និងនាក់ សរុបទាំង ៣ សាខាង មាន ៨៦៤ អង្គ និងនាក់ ។ ចំនួននេះ បានកើនឡើង ១២៤ អង្គ និងនាក់ បើធៀបទៅនឹងបេក្ខសមណៈ និងបេក្ខជនកាលពីឆ្នាំទៅម៉ិញ ។

 

 

នេះគឺជាការលើកឡើងរបស់ភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខសមណៈ និងបេក្ខជន មុនពេលប្រឡងចូលរៀននៅព្រះសីហនុរាជ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ ។

 


សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បានមានបន្ទូលថា ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ តែតែបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយមិនមែនត្រឹមតែជាធនធានព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងធនធានមនុស្សជាគ្រហស្ថផងដែរ រាប់ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់បរិញ្ញាបត្រជាន់ខ្ពស់ ហើយមានសមណនិស្សិត និងនិស្សិតជាច្រើនបានបន្តទៅសិក្សានៅឯបរទេស រហូតទទួលបានថ្នាក់ខ្ពស់បំផុត ដូចជាព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ជាឧទាហរណ៍ស្រាប់ ដែលព្រះអង្គ បានបន្តទៅសិក្សានៅបណ្តាប្រទេសនានា រួមទាំងនៅគ្រឹះស្ថានសិក្សាលំដាប់ពិភពលោក ដូចជានៅសហរដ្ឋអាម៉េរិកជាដើម រហូតទទួលបានសក្ខីបត្របណ្ឌិតរដ្ឋ គឺជាកម្រិតក្រោយបណ្ឌិត ពីសកលវិទ្យាល័យ Harvard ដែលជារួមទៅ ទាំងនេះគឺជាមោទនភាព នៃពុទ្ធិកសកលវិទ្យាល័យព្រះសហនុរាជ ។

 


ចំណែកឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក ក៏ដូចជាសមណនិស្សិត និងនិស្សិត គ្រប់ជំនាន់ នៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ដែលបានបំពេញតួនាទីបានយ៉ាងល្អ និងយ៉ាងមានសារសំខាន់សម្រាប់ប្រទេសជាតិ ។យ៉ាងណាមិញ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសរសើរ និងលើកទឹកចិត្តដល់បេក្ខសមណៈ និងបេក្ខជនដែលប្រឡងចូលរៀននៅថ្ងៃនេះដែរ ហើយថា មានតែការអប់រំទេ ទើបជាផ្លូវដ៏ត្រឹមត្រូវសម្រាប់កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត ។សូមជម្រាបថា ថ្វីដ្បិតតែពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ព្រះសង្ឃក៏ពិតមែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើកំណែទម្រង់មួយចំនួន ទើបមានគ្រហស្ថទាំងប្រុងទាំងស្រីសិក្សានៅទីនោះជាមួយព្រះសង្ឃ ហើយមុខវិជ្ជាទៀតសោត ក៏មានទាំងមុខវិជ្ជាអាណាចក្រផងដែរ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024