ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Camsoc រៀបចំវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្ត ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ 

២៧ មីនា ២០២៣ | កីឡា

 

ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតកីឡាអាស៊ី អាគ្នេហ៍ ២០២៣ បានរៀបចំវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

 


ក្នុងឱកាសធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOG) មានប្រសាសន៍ថា ដើម្បីបម្រើដល់ព្រឹត្តិការណ៍កីឡាទាំងពីរនេះ កម្ពុជាត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧០០០នាក់ ដូច្នេះហើយអ្នកស្ម័គ្រចិត្តជាមនុស្សដ៏មានសារៈសំខាន់ ប្រៀបដូចសរសៃឈាមក្នុងខ្លួនមនុស្ស ដែលនឹងទទួលបដិសណ្ឋារកិច្ចដល់ប្រតិភូកីឡាអន្តរជាតិមកពីបណ្តាប្រទេសនានា មុនគេ នៅអាកាសយានដ្ឋានអន្តរជាតិ ដោយរឿងទី១សំខាន់បំផុតមុនគេ គឺអ្នកស្ម័គ្រចិត្តត្រូវផ្តល់ស្នាមញញឹម រួសរាយរាក់ដល់ប្រតិភូកីឡា ដើម្បីផ្តល់ភាពកក់ក្តៅ ក្នុងនាមយើងជាម្ចាស់ផ្ទះទាំងអស់គ្នា។

 

 

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់គ្នា យកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការជួយជ្រោមជ្រែងដល់សកម្មភាពការងារស្ម័គ្រចិត្តឲ្យបានប្រសើរ។ ជាពិសេសគឺគួរយកចិត្តទុកដាក់លើកីឡាករ កីឡាការិនីមានពិការភាព ដែលមកចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលនឹងដំណើរការ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈការជួយសម្របសម្រួលដល់អត្តពលិកពិការ ដែលមានការលំបាកជាងអត្តពលិកមិនពិការ។

 

 

បន្ថែមពីលើនេះ ឯកឧត្តមអគ្គលេខាធិការក៏បានសង្កត់ធ្ងន់ថា អ្នកស្ម័គ្រចិត្តត្រូវចាត់ទុកខ្លួនឯងមានមោទនកភាពជាតិទាំងអស់គ្នា ពីព្រោះអ្នកស្ម័គ្រចិត្តបានចូលរួមបំពេញការងារបម្រើជាតិ ដោយហេតុថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រកម្ពុជា ឆ្នាំ២០២៣មានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង១៦លាននាក់។ ជាពិសេសគឺអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីប្រារព្ធពិធីដង្ហែភ្លើងគប់កីឡាទៅកាន់ប្រទេសអាស៊ាន ហើយក៏មានការចូលរួមពីស្ថាប័នកំពូលៗរបស់កម្ពុជាទាំងអស់គ្នា ដែលនេះ អ្នកស្ម័គ្រចិត្តបានចូលរួមធ្វើកិច្ចការជាតិជាមួយនឹងមោទកភាពជាប្រវត្តិសាស្ត្រនេះ៕

 

 

អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024