ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
មន្ត្រីសន្តិសុខរុស្ស៊ីម្នាក់ដែលបានចាកចេញពីប្រទេសដោយសារលោកបដិសេធឈ្លានពានប្រទេសអ៊ុយក្រែន ត្រូវបានតុលាការរុស្ស៊ីកាត់ទោសជាប់ពន្ធនាគារ ៦ឆ្នាំកន្លះ និងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារដែលមានការយាមល្បាតតឹងរឹង។ យោងសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃសុក្រ។
លោកវរសេនីយ៍ត្រី Mikhail Zhilin ជាមន្ត្រីទីភ្នាក់ងារការពារសហព័ន្ធ អាយុ៣៦ឆ្នាំ បានរត់ទៅកាន់ប្រទេសKazakhstan(កាហ្សាក់ស្ថាន)កាលពីឆ្នាំមុន នៅពេលដែលប្រទេសរុស្ស៊ីប្រកាសយុទ្ធនាការកេណ្ឌទ័ព។
អាជ្ញាធរប្រទេសKazakhstan បានប្រគល់វរសេនីយ៍ត្រីរូបនេះទៅឱ្យប្រទេសរុស្ស៊ីវិញ កាលពីចុងឆ្នាំមុន ដែលនាំឱ្យឈានទៅដល់ការចោទប្រកាន់ទោសដ៏កម្រលើមន្ត្រីរត់ចោលជួរ។
ពលរដ្ឋរុស្ស៊ីរាប់រយពាន់នាក់ បានចាកចេញពីប្រទេសរុស្ស៊ីដោយសារកំណែនទ័ពកាលពីឆ្នាំមុន ហើយភាគច្រើនទៅកាន់ប្រទេសKazakhstanដែលជាប្រទេសមួយមានព្រំដែនដីគោកយ៉ាងវែងជាមួយនិងប្រទេសរុស្ស៊ី។
ប៉ុន្តែមិនដូចអ្នកចាកចេញពីប្រទេសផ្សេងទៀត លោកZhilin អាចទទួលបានព័ត៌មានដែលគេចាត់ទុកថាសម្ងាត់ដោយសារកន្លែងបំពេញការងាររបស់លោក ទទួលបន្ទុកសន្តិសុខរបស់លោកប្រធានាធិបតីរុស្ស៊ីVladimir Putin ។
ប្រែសម្រួល៖ណាវ័ន្ត