ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

អ្នកជំនាញថា ៤ឆ្នាំចុងក្រោយនេះមៀនប៉ៃលិនមិនមានអ្នកដំដុះថ្មី ខណះអ្នកដំដុះចាស់ក៏មិនបន្តសង្វាក់ផលិតកម្ម

២៤ មីនា ២០២៣ | សេដ្ឋកិច្ច

 

៤ឆ្នាំចុងក្រោយនេះ ដំណាំមៀនប៉ៃលិន ស្មើរសូន្យដោយមិនមានអ្នកដំដុះថ្មី បើធៀបទៅនិង៤ឆ្នាំមុន មានការដំដុះច្រើនទាំងអ្នកដាំថ្មី និងអ្នកដាំចាស់ កាលនោះកសិករថែមទាំងនាំគ្នាពង្រីងផ្ទៃដីដាំដុះបន្តបន្ទាប់ថ្មីថែមទៀតផង។ ខណះតម្លៃមៀនមិនមានស្ថេរភាពជាហេតុនាំឲ្យកសិករមិនបន្តសង្វាក់ផលិតកម្ម កសិករងាយទៅដាំដំណាំទុរេន និងដំឡូមី ជំនួសវិញព្រោះដំណាំទាំង២ប្រភេទនេះ កំពុងតែមានតម្លៃល្អប្រសើរនៅឆ្នាំ២០២៣នេះ។  

 


នៅក្នុងរយះពេល៤ឆ្នាំចុងក្រោយនេះ អ្នកជំនាញសង្កេតឃើញថា មិនមានការដាំដុះមៀនប៉ៃលិនថ្មី ខណះអ្នកដំដុះចាស់ក៏មិនបន្តសង្វាក់ផលិតកម្ម គេសង្កេតឃើញ មានតែអ្នកផលិតចាស់ៗខ្លះគាត់នៅតែបន្តផលិត ត្បិតតែតម្លៃរៀងធូរថ្លៃក៏ដោយ។ មូលហេតុចម្បងតែ១ដែលធ្វើឲ្យកសិករភាគច្រើនមិនចង់ផលិតមៀនប៉ៃលិន ដោយសារតែតម្លៃមិនមានស្ថេរភាព និងមិនមានអ្វីធ្វើឲ្យកក់ក្តៅដល់ដំណើរការដាំដុះថ្មី។ ដោយឡែក២ឆ្នាំចុងក្រោយនេះ ភាគច្រើនអ្នកមិនទាន់ដាំមៀនប៉ៃលិន និងកសិករខ្លះបានកាប់មៀនប៉ៃលិនចោល ងាកទៅដាំដំណាំទុរេន និងដំឡូមី ជំនួសវិញដោយសារដំណាំទាំង២ប្រភេទនេះ កំពុងតែមានតម្លៃល្អប្រសើរនៅឆ្នាំនេះ។  

 


បើយើងក្រឡេកទៅមើលតម្លៃកាលពី៣ឆ្នាំមុន ឃើញថា កសិករទទួលបានតម្លៃទាបជ្រុលពេក ជាហេតុធ្វើឲ្យកសិករមិនអាចមានកម្រៃពីផ្លៃមៀនបានយ៉ាងសាកសម ដូចនេះកសិករក៏សម្រេចចិត្តផ្អាកក្នុងការផលិត។ តម្លៃមៀនប៉ៃលិន១គីឡូ ១០០០មួយពាន់រៀល តម្លៃទីផ្សារមៀនប៉ៃលិន ហាក់ដូចជាមានការធ្លាក់ចុះខ្លាំង ដោយឈ្មួញហ៊ានទិញត្រឹមតែ១គីឡូក្រាម តម្លៃ១៥០០រៀល ទៅ២០០០រៀលប៉ុណ្ណោះ ស្របពេលដែលការថែទាំ ត្រូវប្រើជី ទិញថ្នាំកំចាត់សត្វល្អិត ថ្នាំស្មៅ និងដាក់អ័រម៉ូនបញ្ចេញផ្លែ ត្រូវការចំណាយថវិកាច្រើន លុះពេលប្រមូលផលលក់អត់ចំណេញ ពោលគឺខាតដើមខាតចុង ធ្វើឱ្យកសិករមានការលំបាកខ្លាំង ស្ទើរតែបោះបង់ចោលមុខរបរមួយនេះ។ 

 


ពាក់ព័ន្ធនិងរឿងផ្លែមៀនស្រស់នេះដែល លោក ប៊ុន នាង ជាអ្នកខេត្តបាត់ដំបង អ្នកជំនាញនិងជាកសិករផងនោះ បានលើកឡើងថា ស្ថានភាពមៀនប៉ៃលិននៅឆ្នាំ២០២៣នេះ ប្រាកដណាស់មិនមានអ្នកដំដុះថ្មីនោះទេ រីឯទិន្នផលធ្លាក់ចុះដោយសារតែអ្នកដំដុះចាស់ក៏មិនបន្តសង្វាក់ផលិតកម្ម។ កសិករមួយចំនួនធំបានមើលឃើញថា ទីផ្សារមៀនមិនមានស្ថេរភាព ដូចនេះកសិករមិនព្យាយាមក្នុងការដាំដុះបន្ត ព្រោះការដាំដុះត្រូវចំណាយពេល ៤ទៅ៥ឆ្នាំ ទម្រាំតែឈានទៅដល់ផលិតកម្មយកផ្លែផ្កា(ដើម្បីបានលុយ) ដូចនេះកសិករសម្រេចចិត្តមិនដាំមៀនប៉ៃលិនបន្តទៀតនោះទេ គាត់ងាកទៅដាំដំណាំទុរេន និងដំឡូមី ជំនួសវិញ។ ទៀតសោត នៅឆ្នាំនេះការប្រមូលផលមៀនចាប់ផ្តើមនៅចន្លោះខែ ៥ឬខែ៦ ឬអាចឈានរហូតដល់ខែ១០ នៅតាមតំបន់និងខេត្តនីមួយៗ។   

 


យោងតាមការព្យាករណ៍របស់អ្នកជំនាញបានលើកឡើងថា ដំណើរការបញ្ជាទិញបញ្ជូនទៅប្រទេសចិននេះ ពិតជាឃើញមានសកម្មភាពនេះពិតមែន។ ប៉ុន្តែការបញ្ជាទិញមៀនពីកសិករ ឃើញថា នៅមានសភាពទាបនៅឡើយ បើធៀបទៅនិងកសិករ ឬម្ចាស់ចំការដែលមានដើមមៀនប៉ៃលិនរួចហើយស្រេច ដូចនេះអាចនិយាយបានថា មិនទាន់ឆ្លើយតបទៅនិងតម្រូវការរបស់ពួកគាត់ ឬ កសិករមិនទាន់មានទំនុកចិត្តដែលអាចឲ្យពួកគាត់ឈានទៅធ្វើជាអ្នកផលិតកម្មដូចមុនទៀតបាន។

 


គួររំលឹកបន្តិចថា ក្រុមហ៊ុនយក្សចិន Alibaba បានដាក់លក់ផ្លែមៀនប៉ៃលិនរបស់កម្ពុជា នៅលើគេហទំព័រលក់ទំនិញរបស់ខ្លួន និងមានបំណងទិញមៀនពីកម្ពុជា ៣០០តោនក្នុងមួយឆ្នាំ។ ផ្លែមៀនប៉ៃលិនស្រស់របស់កម្ពុជា ត្រូវបាននាំយកទៅដាក់លក់ជាផ្លូវការ នៅលើទីផ្សារអនឡាញ ប្រទេសចិន នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីផ្លែស្វាយ និងចេក មៀនប៉ៃលិនកម្ពុជា បានចាប់ផ្តើមសម្ពោធដាក់លក់ នៅលើទីផ្សារអនឡាញរបស់ Alibaba  Group កាលពីថ្ងៃពី១២ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងហាន់ចូវ ខេត្តជឺជាំង ប្រទេសចិន ដោយសារមៀនប៉ៃលិន គោរពតាមបទដ្ឋានភូមគាមអនាម័យ មានស្តង់ដារ សុវត្ថិភាព ស្របពេលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយចិន។ 


គួរជម្រាបជូនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុបចំនួនប្រមាណ ៤ ៦១៦ ៤៤៨ តោន។ ក្នុងនោះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសវៀតណាមមានចំនួន ១០៦តោន៕

 

 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024