ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ទុនវិនិយោគឯកជននៅកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំមុន ធ្លាក់ចុះ ៤២%

២៤ មីនា ២០២៣ | សេដ្ឋកិច្ច

 

 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន ៣៦ ដែលមានទុនវិនិយោគសរុបឈានដល់ ៥៧៣លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ដោយទុនវិនិយោគធ្លាក់ចុះ ៤២%។  ប្រភពដដែលបានគូសបញ្ជាក់ថា ចំពោះចំនួនគម្រោង ដែលត្រូវបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី ៤ឆ្នាំមុន គឺមាន ៣៦គម្រោង កើនឡើង ១គម្រោងធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២១ ដោយគម្រោងទាំង ៣៦ បង្កើតការងារជិត ៣ម៉ឺនកន្លែង។

 


នៅក្នុងចំណោមគម្រោងទាំង ៣៦ គឺមាន ៩គម្រោង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគ ៣៣លានដុល្លារអាមេរិក ចំណែក ២៧គម្រោងទៀត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងមានទុនវិនិយោគប្រមាណ ៥៤០លានដុល្លារអាមេរិក។

 


ដោយឡែក សរុបក្នុងឆ្នាំ ២០២២កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរបស់ វិនិយោគិនបរទេស គិតជាទឹកប្រាក់ជាង ៤ពាន់ ៦រយលានដុល្លារអាមេរិក កើនឡើង ៧% ធៀបនឹងទឹកប្រាក់ជាង ៤ពាន់ ៣រយលានដុល្លារ ក្នុងឆ្នាំ ២០២១។

 


អំឡុងពេលនោះ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគប្រមាណ ២ពាន់ ៧រយលានដុល្លារអាមេរិក ស្មើនឹង ៥៧% នៃការវិនិយោគសរុប ហើយការវិនិយោគពីបរទេស មានទុនវិនិយោគជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ខណៈ ប្រភពទុនវិនិយោគិនបរទេសសំខាន់ៗ គឺនាំមុខគេដោយប្រទេសចិន និងមានការវិនិយោគមកពី ជប៉ុន ថៃ ម៉ាឡេស៊ី អូស្រ្តាលី និងសិង្ហបុរីជាដើម។

 


សូមបន្ថែមថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទុនវិនិយោគសរុប ៣ពាន់ ៤រយលានដុល្លារអាមេរិក ខណៈគម្រោងវិនិយោគចុះបញ្ជីក្នុងតំបន់សេដ្ឋកិច្ចពិសេស មានជាង ១ពាន់ ២រយលានដុល្លារអាមេរិក៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024