ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ព្រឹត្តិការណ៍ ប្រណាំងម៉ូតូហនុមាន ENDURO  Challenge បានបញ្ចប់ដោយជោគជ័យ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន

២៣ មីនា ២០២៣ | កីឡា

 

ការប្រណាំងម៉ូតូ ហនុមាន អែនឌូរ៉ូ  ឆាលែងស៊េរី 2023 (ENDURO  Challenge)  បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍ នៅទីលានប្រណាំង លើខ្នងភ្នំគិរីរម្យ ក្នុងស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដោយមានការគាំទ្រពីសហព័ន្ធកីឡាយានយន្ដកម្ពុជា ក្រសួងបរិស្ថាន និង អាជ្ញាធរដែនដីផងដែរ ក្រោមការឧបត្ថម្ភធំ ពី ក្រុមហ៊ុនស្រាបៀរហនុមាន ព្រមទាំងបណ្ដាក្រុមហ៊ុន១ចំនួនទៀត។ តាមការកត់សម្គាល់ ក្នុងការប្រណាំងរយៈពេល២ថ្ងៃនេះទទួលបាន ការ សាទរពីប្រជាជន មហាជននៅតំបន់នោះ អ្នកគាំទ្រកីឡាករ មកពីទីជិតឆ្ងាយ ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ ។

 

 

ដោយឡែកចំពោះកីឡាករ មានការសប្បាយចិត្តជា ខ្លាំង ដែលបានចូលរួមប្រកួត នៅទីលានលើខ្នងភ្នំគិរីរម្យនេះ ដែលជាទីតាំង មានបរិយាកាសល្អ ផ្លូវរត់មាន លក្ខណៈល្អប្រសើរ តាមស្ដង់ដារបច្ចេកទេសថែមទៀតផង។ កីឡាករ គួន ផាន់តារា ដែលបានចូលរួមប្រកួតក្នុង Class Aដែលជាកីឡាករជំនាញកំរិតខ្ពស់ បាននិយាយថា សម្រាប់ការប្រកួតនេះផ្នែកបច្ចេកទេស មានលក្ខណៈល្អប្រសើរច្រើន ជាងការប្រកួតមុនៗ។

 

 

ចំណែកកីឡាករ មានការចូលរួមច្រើន និងមានសមត្ថភាពប្រដំប្រសងគ្នា ធ្វើឲ្យអ្នកចូលរួមប្រកួត មានការសប្បាយចិត្ត។ លោកមានជំនឿថា វិស័យកីឡាប្រណាំងយានយន្ដមានការរីកចំរើនលឿនទៅមុខ បើសិនជាមានការប្រកួតច្រើននិងការរៀបចំការប្រកួតមានដំណើរការល្អដូចកម្មវិធីនេះ។ ចំណែក លោក ដេវីត កែវ ប្រធានរៀបចំព្រឹត្តិការណ៍ក្រុមហ៊ុនស្រាបៀរហនុមាន ដែលអ្នកឧបត្ថម្ភធំក្នុងកម្មវិធីនេះ បានចាត់ទុកថា ការប្រណាំងម៉ូតូពានរង្វាន់ អែនឌូរ៉ូ  ឆាលែង 2023 គឺជាព្រឹត្តិការណ៍១ដែលល្អ និងជាវិញ្ញសាថ្មី គឺវិញ្ញាសាឡើងភ្នំដែលកីឡាករចង់ចូលរួមបញ្ចេញសមត្ថភាព និងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនផងដែរ ។

 

ទាំងនេះហើយជាមូលហេតុដែលធ្វើឲ្យក្រុមហ៊ុនហនុមានក្លាយជាអ្នកឧបត្ថម្ភដល់កម្មវិធីនេះ។ រីឯតំណាងក្រុមហ៊ុន ឌី អាយ ឌី, ក្រុមហ៊ុន កាស៊ូមីណា និង អេរ៉ូមីណា  បានគូសបញ្ជាក់ដែរថា គោលដៅចម្បងដែលក្រុមហ៊ុនមកគាំទ្រ ឧបត្ថម្ភក្នុងព្រឹត្តិការណ៍នេះ ក្នុងគោលបំណងរួមចំណែក បំផុសលើកស្ទួយអភិវឌ្ឍវិស័យប្រណាំងយានយន្តនៅកម្ពុជាឲ្យកាន់តែរីកចំរើន ពិសេស គឺការរួមចំណែកបំផុសការបើកបរនៅលើដងផ្លូវឲ្យគោរពច្បាប់ចរាចរណ៍។

 

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ជាលទ្ធផល លើវិញ្ញាសាអ៊ែនឌូរ៉ូ Class C ចំណាត់ថ្នាក់លេខ៣ កីឡាករ សុខ, លេខ២ កីឡាករ ម៉ុន ជីវ័ន និងលេខ១ បានទៅកីឡាករ បុង ចននី ។  វិញ្ញាសាអ៊ែនឌូរ៉ូ Class B  លេខ៣កីឡាករ ជីង ស៊ីង លេខ២កីឡាករ លី សេង និងលេខ១ បានទៅកីឡាករ កែវ គីមហ៊ួរ ។ចំណែកវិញ្ញាសាអ៊ែនឌូរ៉ូ Class A ដែលជាកីឡាករ ជំនាញកំរឹតខ្ពស់ លេខ៣ កីឡាករ ស្នា សីហា លេខ២កីឡាករ តក់ និងលេខ១ បានទៅកីឡាករ ជា លីឃាង ៕

 

 

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024