ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ព្រះអគ្គិជ័យកីឡា ចាប់ផ្ដើមពិធីដង្ហែឆ្ពោះទៅបណ្ដាតំបន់អាស៊ាន 

២៣ មីនា ២០២៣ | កីឡា

 

ព្រះអគ្គីជ័យកីឡាចាប់ផ្ដើមពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមការដឹកនាំឯឧ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងប្រតិភូ ដែលចាត់តាំងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេពកីឡា និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា បានប្រព្រឹត្តទៅដោយជោគជ័យ និងអស្ចារ្យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទរអង្គរវត្ត កាលពីថ្ងៃទី២០-២១ ខែមីនា និងរក្សា១យប់នៅវត្តរាជបូណ៌ នៅរសៀលថ្ងៃពុធ ព្រះអគ្គិជ័យកីឡាបានដង្ហែមកដល់អាកាសដ្ឋានអន្ដរជាតិសៀមរាបអង្គរហើយ ដើម្បីត្រៀមដង្ហែទៅកាន់បណ្ដាប្រទេសក្នុងតំបន់។

 

 

ពិធីដង្ហែចេញពីវត្តរាជបូណ៌ខាងលើ មានការចូលរួមទទួល និងដង្ហែភ្លើងគប់ដោយផ្ទាល់ពីលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងគណៈកម្មការជំនាញ CAMSOC ហើយរង់ចាំទទួលនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដោយលោក ហោ សារុន ក្នុងនាមបេសកជនពិសេស ដើម្បីបន្ដដង្ហែព្រះអគ្គិជ័យកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៅកាន់បណ្ដាប្រទេសសមាជិកទាំង ១០ ខណៈប្រទេសដំបូងគេ ដែលត្រូវដង្ហែទៅ គឺប្រទេសវៀតណាម មុនបន្ដដំណើរទៅប្រទេសផ្សេងៗទៀត។ គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់ទាំង១០ នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយបេសកជនពិសេសតំណាង CAMSOC ខាងលើ ត្រូវសហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជាប្រចាំប្រទេសនានា ហើយសហការជាមួយអាជ្ញាធរ និងរដ្ឋអំណាចកីឡាប្រចាំប្រទេសនីមួយៗ ដើម្បីរៀបចំពិធីដ៏មានអត្ថន័យ ឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះឲ្យទទួលបានជោគជ័យ ។

 

 

រាល់ធ្វើដំណើរឆ្លងកាត់ ឬសម្រាកនៅគោលដៅនីមួយៗ ព្រះអគ្គិជ័យកីឡា ដែលត្រូវបានរក្សាទុកក្នុងចង្កៀនពិសេស នឹងត្រូវរក្សានៅស្ថានទូត ឬទីវត្តអារាម យ៉ាងត្រឹមត្រូវបំផុត។ ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គិអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោលគឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការតែម្ដង ៕

 

 

 

 អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024