ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
កម្ពុជាត្រូវបានគេមើលឃើញថា ជាប្រទេសមានសក្តានុពល សម្រាប់ការដាំដុះដំណាំល្ម៉ើ ដោយសារលក្ខខណ្ឌអាកាសធាតុ និងគុណភាពដីមានភាពអំណោយផល ដោយអ្នកជំនាញអះអាង ថា ដំណាំល្ម៉ើជា ដំណាំមានសក្តានុពលខ្ពស់ក្នុងតម្រូវការទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ខណៈចំនួនអ្នកដាំដំណាំនេះ គឺមានតិចតួចនៅឡើយ។វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
ដោយបច្ចុប្បន្ននេះ យើងមើលឃើញថា ប្រជាកសិករខ្មែរយើង ហាក់មានការយល់ដឹងច្រើនទាក់ទងនឹងការជ្រើសរើសយកប្រភេទដំណាំដែលមានសក្ដានុពល និងមានតម្រូវការទីផ្សារខ្ពស់យកមកដាំដុះ ដែលជាហេតុធ្វើឱ្យពួកគាត់ អាចទាញបានចំណូលបានយ៉ាងច្រើនសម្រាប់យកផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការលក់ទិន្នផលទាំងនោះទៅលើទីផ្សារ។ ខណះល្ម៉ើជាប្រភេទដំណាំហូបផ្លែដែលធន់និងអាកាសធាតុបានល្អ ហើយទទួលបានទិន្នផលច្រើន និងមានតម្រូវការសកលទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ ជាមួយអត្ថប្រយោជន៍ដ៏ច្រើនពិសេសសម្រាប់សុខភាព ព្រមទាំងមានអាយុកាលប្រមូលផលវែងរហូតដល់ជាង១០០ឆ្នាំ និងអាចរក្សារផ្លែទុកបានយូរឆ្នាំ។
លោកស្រី គួច ចាន់ដាលីស ជាម្ចាស់ចំការល្ម៉ើយ៉ាដាស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បានប្រាប់ក្រុមការងារសេដ្ឋកិច្ច ភីអិនអិនឲ្យបានដឹងថា ទិន្នផលល្ម៉ើកើនពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកស្រីបន្តថា ចម្ការយ៉ាដាគឺជាចម្ការដំបូងគេដែលបានដាំដំណាំល្ម៉ើលើទឹកដីស្រុកសំពៅលូន ខេត្ដបាត់ដំបង គ្រួសារលោកស្រីបានដាំដំណាំល្ម៉ើក្នុងទំហំដី៤ហិចតា និងមានរយះពេល២ឆ្នាំ៦ខែចាប់ផ្តើមទទួលផលលើកទី១ ។ ការប្រមូលផលល្ម៉ើចាប់ពីឆ្នាំទី២ឡើងទៅ និងអាចទទួលបានផលចន្លោះពី៤-៦តោនក្នុងទំហំដី១ហិចតា ដាំបាន១៥០ដើម។ ល្ម៉ើជាដំណាំដែលមិនរើសប្រភេទដី ធននឹងអាកាសធាតុក្ដៅខ្លាំងក្រោយដាំបាន៣ឆ្នាំ អាចប្រមូលផលបានក្នុងមួយដើម ចាប់ពី ៤០គីឡូ ទៅ ១០០គីឡូក្រាម។
លោកស្រី បន្តថា ល្ម៉ើជាដំណាំពិបាកថែទាំណាស់ដែល ពិសេសក្នុងការជ្រើសរើសពូជ និងធ្វើទីផ្សារដោយខ្លួនឯងទំរាំតែមានប្រជាជនខ្មែរស្គាល់ច្រើនមកដល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនោះដែរ ល្ម៉ើក្នុងចម្ការយ៉ាដា ត្រូវបានសហការណ៍ដាក់លក់ក្នុងម៉ាត និងផ្សារទំនើបធំៗក្នុងប្រទេស និងជាដៃគូរអាជីវកម្មដ៏ធំ របស់ផ្សារម៉ាក្រូខេមបូឌាទាំង៣សាខាផងដែរ។ រីឯតម្លៃទិញដល់ចំការផ្ទាល់ ៥ម៉ឺនរៀលក្នុង១គីឡូ និងផ្សារម៉ាក្រូលក់ចេញក្នុងតម្លៃចន្លោះ៥-៦ម៉ឺនរៀលក្នុង១គីឡូ។ជាមួយគ្នានេះដែរ មូលហេតុដែលធ្វើឱ្យល្ម៉ើមានតម្រូវការទីផ្សារខ្ពស់និងមានតម្លៃថ្លៃដូច្នេះ គឺដោយសារតែល្ម៉ើ មានអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាពរាងកាយ។ លោកស្រីបានបញ្ជាក់ថា នៅកម្ពុជាដីសំបូរជីវជាតិ ជាហេតុនាំឲ្យល្ម៉ើក្នុងស្រុកមានរសជាតិផ្អែមឆ្ងាញ់ជាងល្ម៉ើនាំចូល ។
បន្ថែមពីលើនេះ លោកស្រី ក៏បង្ហាញក្តីរំពឹងដែរថា ប្រសិនបើមានការជំរុញឲ្យមានការដាំដុះ ដំណាំល្ម៉ើពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកាន់តែទូលាយថែមទៀតនោះដំណាំល្ម៉ើនឹងក្លាយជាដំណាំឧស្សាហកម្មដ៏សំខាន់ទី២ បន្ទាប់ពីអង្ករ ដែលជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាអាស៊ាន៕ក្រសួងកសិកម្ម ជំរុញឲ្យកសិករដាំដំណាំល្ម៉ើនៅកម្ពុជាដើម្បីបំពេញតម្រូវការទីផ្សារតំបន់អាស៊ី បច្ចុប្បន្នល្ម៉ើកម្ពុជា មានតម្រូវការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពីទីផ្សារតំបន់អាស៊ី។ ទន្ទឹមគ្នានេះ ក្រុមវិនិយោគិនក៏បានជំរុញឲ្យកសិករកម្ពុជា ដាំដំណាំល្ម៉ើឲ្យបានកាន់តែច្រើនថែមទៀតសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
តម្រូវការផលិតផលល្ម៉ើកម្ពុជា ពីទីផ្សារតំបន់អាស៊ាន ក៏ដូចជាក្នុងតំបន់អាស៊ី មានការកើនឡើងនេះ ដោយសារតែលក្ខខណ្ឌភូមិសាស្ត្រនៅប្រទេសក្នុងតំបន់អាស៊ីមួយចំនួនមិនអាចដាំបាន ។ ល្ម៉ើកម្ពុជា ក្នុងមួយឆ្នាំៗមានតម្រូវការច្រើនពីទីផ្សារអាស៊ាន ក្នុងនោះមាន ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី កំពុងត្រូវការផលិតផលល្ម៉ើ ខណៈប្រជាជនកម្ពុជា មិនទាន់ដឹង និងដាំល្ម៉ើបានតិចតួចនៅឡើយ ។ ដូចនេះកសិករត្រូវដាំល្ម៉ើឲ្យមានបច្ចេកទេស និងជ្រើសរើសពូជល្ម៉ើដែលមានគុណភាពល្អ ដើម្បីទាញយកឱកាសនាំចេញផលិតផលល្ម៉ើទៅកាន់ទីផ្សារអាស៊ានកាន់តែខ្លាំងថែមទៀត។
សូមជម្រាបជូនថា នៅរយៈពេល ១០ខែ នៅឆ្នាំ២០២២ កម្ពុជា បាននាំចេញផលិតផលកសិកម្មសរុប ជាង ៤លានតោន ដែលគិតជាទំហំទឹកប្រាក់មានជាង ២ពាន់លានដុល្លារ។ ដោយឡែក នៅរយៈពេល ១០ខែ ឆ្នាំ២០២២ កម្ពុជា ក៏ទទួលបានចំណូលបន្ថែមពីការនាំចេញអង្ករ ចំនួនជាង ៤៣៥លានដុល្លារ និងចំណូលជាង ៤៩២លានដុល្លារ ពីការនាំចេញស្រូវទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕
អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ អ៊ិន អាត