ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) កាលពីព្រឹកថ្ងៃទី១៦ ខែមីនានេះ បានរៀបចំសន្និសីទមួយ ស្តីពីសារព័ត៌មាន និងការផ្សព្វផ្សាយ ព្រឹត្តិការណ៍ទាំងពីរខាងលើ ដោយមានការចូលរួមពីប្រពន្ធផ្សព្វផ្សាយ សារព័ត៌មានជាតិ និងអន្តរជាតិ ជិត១០០នាក់។សន្និសីទកាសែត ដែលធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ ជាថ្ងៃទី១ នៃកិច្ចដំណើរការកម្មវិធី ដោយមានការប្រកាសបើកកម្មវិធីដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ក៏ដូចជាការចូលរួមពីសំណាក់ឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ផងដែរ។
ជាមួយគ្នានោះដែរ ការប្រកាសជាផ្លូវការពីដៃគូផ្សព្វផ្សាយនៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ក៏បានធ្វើឡើងនៅថ្ងៃនេះ ស្របពេលដែលសារព័ត៌មានទាំងអស់ នឹងទទួលបានការធ្វើបទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាស៊ីហ្គេម លើកទី៣២ និង បទបង្ហាញពីវឌ្ឍនភាព និងរបាយការណ៍អំពីការត្រៀមខ្លួនរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
សម្រាប់សកម្មភាពសន្និសីទកាសែតជាតិ និងអន្តរជាតិ ថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យ ហើយសម្រាប់ថ្ងៃទី១៧ ខែមីនានេះ គឺសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកទាំងអស់ ត្រូវធ្វើដំណើរទស្សនកិច្ចតាមបណ្ដាទីលានប្រកួតនានា ដូចជានៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួមទាំងទីលានសំខាន់ៗក្នុងរាជធានីភ្នំពេញផ្សេងៗទៀតផងដែរ៕
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី