ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ភាពយន្តថ្មីចុងក្រោយបែបស៊ើបអង្កេតរបស់តារាសម្ដែងអង់គ្លេស Liam Neeson (លៀម នីស៊ុន) បានសម្ពោធចាក់បញ្ចាំងជាផ្លូវការនៅឯទីក្រុងឡុងដ៏។ តារាសម្ដែងអង់គ្លេស Liam Neeson (លៀម នីស៊ុន) ដែលល្បីល្បាញខ្លាំងតាមរយៈស៊េរីភាពយន្ត “Taken” (ថេកឃឹន) បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធភាពយន្តថ្មីចុងក្រោយរបស់ខ្លួនមានចំណងជើងថា “Marlowe” (ម៉ាឡូ) ជាប្រភេទភាពយន្តបែបស៊ើបអង្កេត។
ជាស្នាដៃរបស់អ្នកដឹកនាំរឿង Neil Jordan (នៀល ជ័រដេន) ភាពយន្តនេះបានផលិតផ្អែកតាមសៀវភៅប្រលោមលោក “The Black Eyed Blonde” (ដឺ ប្លេក អាយ ប្លន) និយាយអំពីតួអង្គអ្នកស៊ើបអង្កេតឈ្មោះ Philip Marlowe (ហ្វីលីប ម៉ាឡូ)។
“Marlowe” (ម៉ាឡូ) គឺជាភាពយន្តទី១០០ របស់តារាសម្ដែង Liam Neeson (លៀម នីស៊ុន) ដោយក្នុងរឿងនេះលោកបានសម្ដែងរួមគ្នាជាមួយតារាសម្ដែងស្រី Jessica Lange (ជេស៊ីកា លេង), Diane Kruger (ដាយអេន គ្រូហ្គើ) និងតារាសម្ដែង Ian Hart (អៀន ហាត) ជាដើម។
ក្នុងឱកាសសម្ពោធភាពយន្តនេះ តារាសម្ដែង Liam Neeson (លៀម នីស៊ុន) បានលើកឡើងថាលោកពិតជាត្រេកអរសម្រាប់ការធ្វើការជាមួយតារាសម្ដែងទាំងបីរូប ដែលលោកធ្លាប់រួមការងារជាមួយគ្នាកាលពីច្រើនឆ្នាំមុន។មុនសម្ពោធចាក់បញ្ចាំងនៅទីក្រុងឡុងដ៏ ភាពយន្ត 'Marlowe' (ម៉ាឡូ) បានចាក់បញ្ចាំងតាមរោងភាពយន្តនៅសហរដ្ឋអាមេរិករួចមកហើយ ដោយអាចស្វែងរកចំណូលបាន ២,៨លានដុល្លារ ពីការចាក់បញ្ចាំងរយៈពេលប្រាំថ្ងៃដំបូង៕
ប្រែសម្រួល៖ វ៉ាន់ថន