ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ក្រុមហ៊ុនមេ TikTok ប្រឈមបញ្ហាជម្លោះជាមួយអាមេរិក

១៧ មីនា ២០២៣ | សេដ្ឋកិច្ច

 

រដ្ឋបាលអាមេរិក បានទាមទារឱ្យម្ចាស់ក្រុមហ៊ុន TikTok របស់ចិន ដកភាគហ៊ុនរបស់ពួកគេនៅក្នុងកម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ ឬប្រឈមនឹងការហាមឃាត់ ដែលអាចកើតមាននៅក្នុង សហរដ្ឋអាមេរិក។  សកម្មភាពនេះ ត្រូវបានរាយការណ៍ដោយកាសែត Wall Street Journal គឺជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត នៅក្នុងជំហានថ្មីៗរបស់សហរដ្ឋអាមេរិក និងសមាជិកសភា ដែលបានលើកឡើងពី ការភ័យខ្លាចថា ទិន្នន័យអ្នកប្រើប្រាស់ TikTok របស់អាមេរិក អាចត្រូវបានបញ្ជូនទៅ រដ្ឋាភិបាលរបស់ប្រទេសចិន។

 


កម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន ByteDance មានអ្នកប្រើប្រាស់ជាង ១០០លាននាក់នៅសហរដ្ឋអាមេរិក។អ្នកនាំពាក្យក្រុមហ៊ុន TikTok បានប្រាប់សារព័ត៌មាន Reuters ថា ថ្មីៗនេះ ក្រុមហ៊ុនបានទទួលដំណឹងពី គណៈកម្មាធិការគ្រប់គ្រងដោយរតនាគារសហរដ្ឋអាមេរិកសម្រាប់ការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក ដែលបានទាមទារឱ្យម្ចាស់កម្មវិធីចិន លក់ភាគហ៊ុនរបស់ពួកគេ ហើយបាននិយាយថា បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខនឹងបញ្ហា ដោយសហរដ្ឋអាមេរិក អាចហាមឃាត់កម្មវិធីវីដេអូមួយនេះ។ប្រភពដដែលបានបង្ហាញថា ៦០% នៃភាគហ៊ុនរបស់ក្រុមហ៊ុន ByteDance ត្រូវបានគ្រប់គ្រងដោយវិនិយោគិនសកលលោក ២០% ដោយបុគ្គលិក និង ២០% ដោយស្ថាបនិករបស់ខ្លួន។

 


សេតវិមានអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ខណៈ នាយកប្រតិបត្តិ TikTok ត្រូវបង្ហាញខ្លួននៅមុខសភាសហរដ្ឋអាមេរិក ត្រឹមសប្តាហ៍ក្រោយ តែវាមិនច្បាស់ទេថាតើ រដ្ឋាភិបាលចិន នឹងយល់ព្រមលើការដកខ្លួនណាមួយឬអត់។សូមជម្រាបថា TikTok និងគណៈកម្មការ បានចរចាអស់រយៈពេលជាង ២ឆ្នាំលើ តម្រូវការសុវត្ថិភាពទិន្នន័យ ដោយ TikTok បាននិយាយថា ខ្លួនបានចំណាយប្រាក់ជាង ១ពាន់ ៥រយលានដុល្លារអាមេរិកលើកិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពទិន្នន័យយ៉ាងម៉ត់ចត់ ហើយបដិសេធការចោទប្រកាន់ពីបទចារកម្ម៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024