ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ក្នុងរយៈពេល ២ខែដើមឆ្នាំ

១៧ មីនា ២០២៣ | សេដ្ឋកិច្ច

 

ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៣នេះ កម្ពុជា នាំចេញទំនិញទៅកាន់អាមេរិកជាង ១ពាន់ ១រយលានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ២០% ទោះយ៉ាងណា អាមេរិក នៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា អំឡុងពេលនេះ។ នេះបើយោងតាមទិន្នន័យផ្លូវការពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រយៈពេល ២ខែនេះ កម្ពុជា ក៏បាននាំចូលពីអាមេរិក មកវិញប្រមាណ ៣៩លានដុល្លារអាមេរិក មានន័យថា កម្ពុជា សម្រេចនូវអតិរេកពាណិជ្ជកម្មជាង ១ពាន់លានដុល្លារអាមេរិក។

 


បើតាមប្រភពដដែលបានបង្ហាញថា បើគិតពី ទំហំពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា សហរដ្ឋអាមេរិក ឈរនៅលំដាប់លេខ ២ តាមពីក្រោយចិន ដែល ចិន មានទំហំនៃការនាំចេញនាំចូលជាមួយកម្ពុជា ប្រមាណ ១ពាន់ ៧រយលានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែដើមឆ្នាំ ២០២៣នេះ ធ្លាក់ចុះ ១៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

 


ជាមួយគ្នានេះ  មុខទំនិញដែលកម្ពុជានាំចេញទៅអាមេរិក ភាគច្រើនគឺជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូបសម្រាប់ធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈមុខទំនិញនាំចូលពីសហរដ្ឋអាមេរិក មកវិញ មានដូចជា រថយន្ត គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

 


ដោយឡែក ពាណិជ្ជកម្មទ្វេភាគីរបស់កម្ពុជា ជាមួយប្រទេសវៀតណាម ឈរនៅលំដាប់ទី ៣ មានទំហំទឹកប្រាក់ជាង ១ពាន់ ៨០លានដុល្លារអាមេរិក ខណៈពាណិជ្ជកម្មជាមួយប្រទេសថៃ ឈរនៅលេខរៀងទី ៤ ដែលសម្រេចបាននូវទំហំពាណិជ្ជកម្មប្រមាណ ៦៥៦លានដុល្លារអាមេរិក។

 


សម្រាប់រយៈពេល ២ខែនេះ វៀតណាម គឺទីផ្សារនាំចេញធំទីពីរសម្រាប់កម្ពុជា ជាមួយនឹងការនាំចេញឈានដល់ ៤៩១លានដុល្លារអាមេរិក កើនឡើង ៣៦% ដោយវៀតណាម មានចំណែក ១៥% នៃការនាំចេញសរុបរបស់កម្ពុជា។

 


ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានធ្លាក់ចុះ ៥% ដោយមានចំនួន ១៩៨លានដុល្លារអាមេរិក គឺជាចំណែក ៦% ក្នុងការនាំចេញសរុបពីកម្ពុជា។
គួរជម្រាបថា ក្នុងខែមករា និងខែកុម្ភៈ ដើមឆ្នាំ ២០២៣នេះ ប្រទេសកម្ពុជា សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៦ពាន់ ៨រយលានដុល្លារអាមេរិក មានការធ្លាក់ចុះប្រមាណ ២២% បើប្រៀបធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕ 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024