ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ស្របពេលបង្ហាញមុខនៅក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ស្រាប់តែតារាសម្តែងវ័យក្មេងកញ្ញា មូនី វិជ្ជរ៉ា បានបន្ថែមអាជីពច្រៀងរាំ ពីលើអាជីពសម្តែង ដើម្បីទាក់ចិត្តអ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះ ។
កន្លងមកទស្សនិកជនធ្លាប់តែឃើញតារាសម្តែង មូនី វិជ្ជរ៉ា សម្តែងក្នុងរឿងភាគបែបស្រគត់ស្រគំ តែពេលនេះនាងបែរជាលេចមុខក្នុងអាជីពចម្រៀង និង រាំ បន្ថែមទៀត មើលទៅនាងពិតជាខ្លាំងមិនធម្មតាទេក្នុងអាជីពថ្មីនេះ។ បើទោះបីជាអាជីពនេះនាងទើបតែចាប់ផ្តើមជាលើកដំបូងក្តី តែសន្ទុះនៃការគាំទ្រពីទស្សនិកជន គឺខ្លាំងមិនចាញ់តារាអាជីពឡើយ ។
នៅក្នុងកម្មវិធីសម្ពោធ App PNN Plus កាលពីពេលថ្មី កញ្ញា បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីនាងបានបង្ហាញនូវស្នាដៃថ្មីក្នុងអាជីពចម្រៀង និងរាំ។ជាក់ស្តែងតាមរយៈវិដេអូ ដែលទស្សនិកជនបានឃើញស្រាប់ ម៉ូនី វិជ្ជរ៉ា ពិតជាធ្វើបានយ៉ាងល្អក្នុងវិស័យថ្មីនេះ សូម្បីតែមិនភក្តិសិល្បៈដែលមានការស្និទ្ធស្នាលជាមួយនាង ក៏មានការភ្ញាក់ផ្អើលផងដែរ និងមិននឹកស្មានថា ម៉ូនី វិជ្ជរ៉ា អាចធ្វើបានល្អបែបនេះដែរ ។
បើទោះបីជាកញ្ញា ម៉ូនី វិជ្ជរ៉ា ទើបតែចាប់ផ្តើមអាជីពចម្រៀង និង រាំ នេះជាលើកដំបូងក្តី តែនាងមានការជឿជាក់ខ្លាំងលើខ្លួនឯង បន្ទាប់ពីបានខំហ្វឹកហាត់អស់ពេលជាច្រើនថ្ងៃ ។ ទន្ទឹមនឹងការបង្ហាញមុខមាត់ថ្មីក្នុងអាជីពចម្រៀង និង រាំ ថ្មីៗនេះកញ្ញា ម៉ូនី វិជ្ជរ៉ា កំពុងលេចមុខក្នុងរឿងភាគថ្មីរបស់ទូរទស្សន៍ ភីអិនអិន ដែលមានចំណងជើងថា « សង្រ្គាមមហិច្ឆតា » ដោយនាងសម្តែងជាមួយលោក នូ ឧសភា ។ នាងសង្ឃឹមថាស្នាដៃថ្មីរបស់ខ្លួននឹងធ្វើឱ្យទស្សនិកជនកាន់តែពេញចិត្ត ។
កញ្ញា ម៉ូនី វិជ្ជរ៉ា ក៏បានចែករំលែកពីអត្ថប្រយោជន៍ជាច្រើននៃ App PNN Plus ទៅកាន់ទស្សនិកជន បន្ទាប់ពី PNN បានដាក់សម្ពោធឱ្យប្រើប្រាស់នូវ App នេះជាផ្លូវការកាលពីពេលថ្មីៗនេះ ។ពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា ម៉ូនី វិជ្ជរ៉ា កាន់តែស្រស់ស្អាតឡើងៗ រហូតត្រូវបានបណ្តាក្រុមហ៊ុនជាច្រើនពេញចិត្តនិងហៅនាងថតជាបន្តបន្ទាប់ ហើយឆាប់ៗខាងមុខនេះនាងក៏ត្រៀមនឹងមានស្នាដៃថ្មីៗជាច្រើនផ្សេងទៀតដើម្បីបង្ហាញទស្សនិកជន ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា