ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រទេសឥណ្ឌូនេស៊ីជួយសង្គ្រោះសត្វគន្ធាយសមុទ្រជិតផុតពូជចំនួន ៤៣ ក្បាលពីក្រុមអ្នកប្រមាញ់

មន្ត្រីអាជ្ញាធរនៅលើកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីបាននិយាយថា ពួកគេបានជួយសង្គ្រោះសត្វគន្ធាយសមុទ្របៃតងដែលជិតផុតពូជចំនួន ៤៣ ក្បាលកាលពីថ្ងៃសុក្រ ទី១៣ ខែមករាក្នុងអំឡុងពេលប្រតិបត្តិការកងទ័ពជើងទឹកជាទម្លាប់មួយដែលពួកគេក៏បានជួបប្រទះអ្នកប្រមាញ់មួយក្រុម។

 

 

 

 

 

ពពួកសត្វគន្ធាយ Chelonia mydas គឺជាប្រភេទគន្ធាយសមុទ្របៃតងមួយប្រភេទដែលត្រូវបានការពារនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយថ្មីៗនេះកងល្បាតដែនសមុទ្របានជួយសង្គ្រោះសត្វគន្ធាយទាំងនេះពីអ្នកប្រមាញ់មួយក្រុម និងបានបញ្ជូនគន្ធាយទាំងនេះទៅកាន់មូលដ្ឋានទ័ពជើងទឹកជាបណ្ដោះអាសន្នមុនពេលធ្វើការដោះលែងវាវិញនៅពេលក្រោយទៀត។

 

មេបញ្ជាការកងទ័ពជើងទឹកក្នុងតំបន់លោក I Dewa Rake Susila បានប្រាប់អ្នកយកព័ត៌មានថា នេះគឺជាជោគជ័យរបស់ក្រុមមូលដ្ឋានទ័ពជើងទឹករួមគ្នាដែលពួកគេអាចជួយសង្គ្រោះសត្វគន្ធាយបៃតងចំនួន ៤៣ ក្បាលទាំងនៅរស់ និងបានល្អប្រសើរបែបនេះ។

 

អាជ្ញាធរបាននិយាយថា កងទ័ពជើងទឹកបានដេញតាមក្រុមប្រមាញ់សត្វគន្ធាយនៅក្នុងតំបន់ Gilimanuk ដែលបានរត់គេចខ្លួន និងបន្សល់ទុកសត្វគន្ធាយទាំងនេះ។
ប្រទេសឥណ្ឌូណេស៊ីបានក្លាយទៅជាមជ្ឈមណ្ឌលនៃការជួញដូរសត្វគន្ធាយសមុទ្រជាលក្ខណៈអន្តរជាតិដោយផ្គត់ផ្គង់តម្រូវការពីប្រទេសមួយចំនួនដូចជាម៉ាឡេស៊ី វៀតណាម និងចិនជាដើម។

 

 

 

 

 

 


ចំនួនសត្វគន្ធាយបៃតងដែលជាប្រភេទសត្វគន្ធាយសមុទ្រដ៏ធំបំផុតមួយបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយសារការបរបាញ់ ការបាត់បង់ទីតាំងសំបុកតាមឆ្នេរ និងការប្រើឧបករណ៍នេសាទ។

 

សត្វគន្ធាយនេះក៏ជាជនរងគ្រោះដោយសារវិបត្តិប្លាស្ទិកក្នុងមហាសមុទ្រដែលកំពុងកើនឡើងក្នុងពិភពលោកផងដែរខណៈដែលសត្វគន្ធាយទាំងនេះបានស្លាប់បន្ទាប់ពីពួកវាបានស៊ីប្លាស្ទិកក្នុងបរិមាណដ៏ច្រើនចូលទៅក្នុងពោះរបស់ពួកវា៕

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024