ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ស្នើចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម 

២៧ មករា ២០២៣ | សេដ្ឋកិច្ច

 


កម្ពុជា ស្នើចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ខណៈការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជា នឹងកាន់តែជួយជំរុញលទ្ធភាពនៃការនាំចេញ។ការលើកឡើងនេះ ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Dominic WILLIAMS ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី ដើម្បីផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

 


ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញនូវការពេញចិត្តចំពោះការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេស ដែលបានផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ ដែលការផ្តល់នេះបានរួមចំណែកក្នុងការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា ជំរុញការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសចូលរួមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានស្នើសុំភាគីចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគលើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្ម ផងដែរ។

 


បន្ថែមពីនេះ ភាគីទាំងពីរ បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្មនិងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើន បន្ថែមទៀត។ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

 


គួរបញ្ជាក់ថា៖ ចក្រភពអង់គ្លេស គឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគីររវាងប្រទេសទាំងពីសម្រេចបានប្រមាណ ១ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ ២៤%  បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៧៨៦ លានដុល្លារអាម៉េរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅចក្រភពអង់គ្លេស រួមមាន៖ សំលៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពលពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន៖ គ្រឿងយន្ត ឱសថ និងភេសជ្ជៈ៕
 

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024