ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម នៅកម្ពុជា ថ្ងៃទី១ដំណើរការយ៉ាងរលូន

២៦ មករា ២០២៣ | កីឡា


ភ្នំពេញ៖ កម្ពុជាបានរៀបចំកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេម ជាលើកទី១ ដោយកិច្ចប្រជុំនេះ មានរយៈពេល ៣ថ្ងៃ គឺពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ។


សម្រាប់កិច្ចប្រជុំ ថ្ងៃទី១ នៅសណ្ឋាគារហ្គាឌិនស៊ីធី ក្រោមការដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃពុធម្សិលមិញ គឺកិច្ចប្រជុំបានចាប់ផ្ដើមលើកឡើងការងារមួយចំនួន ពាក់ព័ន្ធទៅនឹង ការស្នាក់នៅ ហូបចុក និងដឹកជញ្ជូន, វេជ្ជសាស្ត្រ-ដូភីង, ពិធីការ និងហ្គេមព័ត៌មានវិទ្យា ដើម្បីឱ្យនាយកបេសកកម្មនៃបណ្ដាប្រទេសជាសមាជិកទាំង១១ ដែលបានចូលរួម បានដឹង។

 

ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងនោះ បានជម្រាបជូនពីលទ្ធផល សម្រាប់ការប្រជុំថ្ងៃទី១ថា បានទទួលផ្លែផ្កាគួរឱ្យកត់សម្គាល់ ដោយបានផ្ដល់ព័ត៌មានសំខាន់ៗទៅកាន់នាយបេសកកម្មនៃបណ្ដាប្រទេសទាំង ១១ ពាក់ព័ន្ធទៅនឹងការរៀបចំរបស់កម្ពុជា ជាពិសេសលើផ្នែកបដិសណ្ឋារកិច្ច ការរៀបចំការដឹកជញ្ជូន ការស្នាក់នៅ និងការហូបចុក។


ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាត់ ចំរើន បានឱ្យដឹងទៀតថា កម្ពុជាក៏ទទួលបានដំបូន្មានមួយចំនួនពីប្រទេសផ្សេងៗផងដែរ ក៏ដូចជាសំណួរមួយចំនួនពីប្រទេសផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងក្ដីបារម្ភខ្លះៗ ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ប៉ុន្តែអ្វីដែលកម្ពុជាបានរៀបចំ និងការត្រៀមទទួលរៀបចំស៊ីហ្គេម ក្នុងឋានៈជាម្ចាស់ផ្ទះនេះ គឺទទួលបានការសហការគ្នាយ៉ាងល្អ ជាពិសេសគឺមុំ៣ របស់ការងារជំនាញ រួមមានក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ដែលបានធ្វើកិច្ចការត្រៀមរៀបចំទាំងបច្ចេកទេស ទាំងការរៀបចំការងារជាច្រើនទៀតជាមួយគ្នា ដោយភាពប្រាកដប្រជា និងការទទួលខុសត្រូវខ្ពស់។ 

 


ឯកឧត្តមអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ជាការវាយតម្លៃ និងសន្និដ្ឋានចុងក្រោយ កិច្ចប្រជុំ គឺទទួលបានផ្លែផ្កា ១០០ភាគរយ ហើយឯកឧត្តមសង្ឃឹមថា ប្រទេសទាំងអស់ នឹងសហការជាមួយគ្នា ដើម្បីអនុវត្តការងាររៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ។

 

 

បន្ទាប់ពីកិច្ចប្រជុំ ថ្ងៃទី១នេះ គឺនៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ អង្គប្រជុំទាំងអស់ នឹងត្រូវចូលរួមពិធីរាប់ថយក្រោយ ១០០ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយនៅថ្ងៃទី២៦ នេះ នឹងមានការធ្វើដំណើរទស្សនកិច្ចទីលានប្រកួត នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិ រួចនឹងបន្តទៅទស្សនកិច្ចទីលានប្រកួតនៅខេត្តព្រះសីហនុ ផងដែរ មុននឹងមាតុភូមិនិវត្តទៅកាន់បណ្ដាប្រទេសរៀងៗខ្លួនវិញ នៅថ្ងៃទី២៧ ខែមករា៕

 

 

អត្ថបទ៖ ទីងី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024