ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Ganzberg ONE Strike សប្ដាហ៍ថ្មីចំណីអារម្មណ៍ថ្មីជាមួយការប្រកួតដ៏កក្រើក

២៦ មករា ២០២៣ | កីឡា


 
ការប្រកួត Ganzberg ONE Strike  នៅសប្ដាហ៍ថ្មីនេះកាន់តែថ្មីកាន់តែជក់ចិត្តជាមួយការប្រកួតពីកីឡាករគុនខ្មែរល្បីៗ ខណៈដែរនៅចុងសប្ដាហ៍នេះ សង្វៀនគុនខ្មែររបស់ទូរទស្សន៍ភីអិនអិននៅតែបន្តរកំដរអារម្មណ៍ប្រិយមិត្តដោយបានសម្រិតសម្រាងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏កក្រើកជក់ចិត្តចំនួន៣គូ និងអមដោយគូមិត្តភាពជាតិ ២គូផ្សេងទៀត ។

 

អ្នកប្រដាល់ចាស់វស្សារ មឿន សុខហ៊ុច ត្រូវប្រកួតបិះជាមួយអ្នកប្រដាល់ឆ្លងដែនមកពីថៃស្បែកស្វិតសំបូរក្បាច់ រុង ណាផា ដែលអ្នកទាំងពីរនឹងត្រូវជួបប្រកួតគ្នា លើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់កហ្គង់ចេញម្រាម ដើម្បីដណ្ដើមប្រាក់រង្វាន់ ១លានរៀលបន្ថែមពី ស្រាបៀរ ហ្គេនស៍បឺគ។

 

ចំណែកឯការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ ២គូផ្សេងទៀត គឺអ្នកប្រដាល់ សូត្រ វាសនា នឹងត្រូវចូលខ្លួនមកប្រកួតតតាំងជាមួយអ្នកប្រដាល់ថៃ កុង ណាផា លើប្រភេទទម្ងន់ 63គីឡូក្រាម ហើយកីឡាករគុនខ្មែរ ឡុង បេនលឿន នឹងត្រូវតតាំងជាមួយ ស៊ិង យ៉ៃ មកពីប្រទេសឡាវ។

 

 

ជាមួយគ្នានោះផងដែរ សង្វៀនគុនខ្មែរ  Ganzberg ONE Strike របស់ភីអីនអិន ក៏បានផ្ដល់ឱកាសឲ្យអ្នកស្នងគុនខ្មែរ ៤រូបផ្សេងទៀត ដើម្បីឡើងប្រកួតប្រជែងល្បងស្នៀតប្រយុទ្ធគ្នា ដែលមានដូចជា សូដា នឹមណូ ត្រូវប្រកួតជាមួយ សាន់ វាសនា និងកីឡាករ សឹង្ហ ហូរ នឹងត្រូវប៉ះគ្នាជាមួយ សុង ប៊ុនរ៉ុង ។

 

 

 សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់នៅថ្ងៃ អាទិត្យ ទី29 ខែមករា ឆ្នាំ២០២៣នេះ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង ផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង១រសៀលតទៅ៕

 

 

អត្ថបទ: សុភាព

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024