ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋអាលឺម៉ង់បង្ហាញការយល់ឃើញរបស់ខ្លួនក្រោយរដ្ឋាភិបាលសម្រេចបញ្ជូនរថក្រោះទៅប្រទេសអ៊ុយក្រែន

ប្រទេសអាលឺម៉ង់ បានសម្រេចនៅថ្ងៃពុធ(២៥មករា) នឹងបញ្ជូនរថក្រោះទៅប្រទេសអ៊ុយក្រែន។

 

ចំណាត់ការនេះទទួលបានការសាទរពីរដ្ឋាភិបាលទីក្រុងកៀវថាជាចំណុចរបត់ដ៏សំខាន់មួយក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ ប៉ុន្តែពលរដ្ឋរស់នៅក្នុងទីក្រុងFrankfurt ប្រទេសអាលឺម៉ង់មានការយល់ឃើញខុសពីនេះដោយសារពួកគេមានការបារម្ភអំពីការផ្ទុះការប៉ះទង្គិច។

 

 

 

 

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ លោក Ebrahim Agah ពលរដ្ឋរស់នៅក្នុងទីក្រុងFrankfurt ប្រទេសអាលឺម៉ង់ បានលើកឡើងថា ការធ្វើដូច្នេះនឹងកាន់តែចាក់ប្រេងបន្ថែមទៅលើភ្លើង។ ស្ថានភាពអាចកាន់តែអាក្រក់ខ្លាំងឡើង។ គ្រប់ភាគីគួរតែនិយាយគ្នា។

 

«អាវុធមិនបង្កើតសន្តិភាព អាវុធបង្កើតសង្គ្រាមយ៉ាងពិតប្រាកដ។ ប្រសិនបើយើងចូលរួមនោះជាកំហុសរបស់យើងផ្ទាល់តែម្តង»។ លោក Klaus Hielscherពលរដ្ឋរស់នៅទីក្រុងFrankfurtបានលើកឡើងពីមតិយោបល់របស់ខ្លួន។ លោកKlaus បានបង្ហាញក្តីកង្វល់ថា ប្រទេសរុស្ស៊ីអាចចាប់ផ្តើមចាត់ទុកគ្រប់គ្នាដែលចូលរួមជួយប្រទេសអ៊ុយក្រែនជាសត្រូវ។ បើដូច្នេះអ្វីនឹងកើតឡើងបន្ទាប់។ សង្គ្រាមលោកលើកទី៣នៅតែក្បែរៗនេះ។

 

ប្រទេសអាលឺម៉ង់ នឹងបញ្ជូនរថក្រោះLeopard 2របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។យោងតាមការប្រកាសរបស់លោកSteffen Hebestreitអ្នកនាំពាក្យរដ្ឋាភិបាលអាលឺម៉ង់នៅថ្ងៃពុធ។

 

 

 

 

ការប្រកាសរបស់ប្រទេសអាលឺម៉ង់នៅថ្ងៃពុធ(២៥មករា)បានបញ្ចប់មន្ទិលសង្ស័យអំពីការបញ្ជូនសព្វាវុធយោធាធុនធ្ងន់ ដែលរដ្ឋាភិបាលទីក្រុងកៀវមើលឃើញ ថាជាសព្វាវុធដ៏សំខាន់ដើម្បីប្រយុទ្ធតទល់និងការឈ្លានពានរបស់ប្រទេសរុស្ស៊ី​ ប៉ុន្តែរដ្ឋាភិបាលទីក្រុងម៉ូស្គូមើលឃើញថាជាការបង្កហេតុដែលឥតប្រយោជន៍។

 

សម្ពាធបានកើនឡើងខ្លាំងអស់ជាច្រើនសប្តាហ៍ទៅលើរដ្ឋាភិបាលរបស់អធិការបតីអាលឺម៉ង់ លោក Olaf Scholz ក្នុងការបញ្ជូនរថក្រោះទៅអ៊ុយក្រែន និងអនុញាតិ ឱ្យបណ្តាប្រទេសសម្ព័ន្ធមិត្តអង្គការណាតូផ្សេងទៀតអាចធ្វើដូច្នេះបានដូចគ្នា។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024