ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ម៉ាកសម្លៀកបំពាក់ដ៏ល្បីរបស់បារាំង Chanel បាននាំមកនូវភាពប្លែកអារម្មណ៍ម្ដងទៀតក្នុងការបង្ហាញម៉ូដថ្មីៗរបស់ខ្លួននៅទីក្រុងប៉ារីស ដោយការឱ្យម៉ូដែលរបស់ខ្លួនម្នាក់ៗដើរចេញពីប្រអប់រូបចម្លាក់ធំៗ។
នាយកផ្នែកច្នៃម៉ូដរបស់ក្រុមហ៊ុន Chanel (ឆានេល) អ្នកស្រី Virginie Viard (វើជីនី វ្យ៉ាដ) បានបញ្ចូលភាពច្នៃប្រឌិតថ្មីនៃការបង្ហាញម៉ូដសម្លៀកបំពាក់ប្រណីតសម្រាប់រដូវផ្ការីករបស់ខ្លួន ក្នុងកម្មវិធីសប្ដាហ៍ម៉ូដក្រុងប៉ារីស ដោយបានឱ្យតារាម៉ូដែលម្នាក់ៗដើរចេញពីប្រអប់រូបសត្វដែលច្នៃចេញពីឈើនិងក្រដាសកាតុង។
មិនសូវខុសប្លែកពី Style កន្លងមករបស់ Chanel ឡើយ ម៉ូដសម្លៀកបំពាក់ដែលត្រូវបានបង្ហាញនៅឆ្នាំនេះសុទ្ធតែជាម៉ូដបែបប្រណីតៗ និងពេញនិយមសម្រាប់សង្គមហាយសូមានទាំងសំពត់អាវ អាវក្រៅ រ៉ូប និងខោជើងវែងដែលសក្ដិសមសម្រាប់ការចូលរួមកម្មវិធីជប់លៀងផ្សេងៗរួមទាំងកម្មវិធីបែបផ្លូវការផងដែរ។
សម្រាប់ឈុតចុងក្រោយ គេបានឃើញតារាបង្ហាញម៉ូដដើរចេញពីរូបដំរីដ៏ធំ ដោយស្លៀកនូវឈុតរ៉ូបកូនក្រមុំបែបខ្លីលើជង្គង់ ជាមួយស្បែកជើងកវែងលុបភ្នែកគោល ដែលមើលទៅស្រស់ស្អាតប្លែកពីឈុតកូនក្រមុំទូទៅ។
កម្មវិធីសប្ដាហ៍ម៉ូដឈុតប្រណីត ឬ haute couture (អូត ខូតឈួ) ក្រុងប៉ារីស ដែលរួមមានការបង្ហាញម៉ូដរបស់ប្រេនល្បីៗជាច្រើនបានប្រារព្ធឡើងរយៈពេលពេញមួយសប្ដាហ៍រហូតដល់ថ្ងៃទី២៦ ខែមករានេះដែលជាថ្ងៃចុងក្រោយ ៕
ប្រែសម្រួល៖ វ៉ាន់ថន