ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

វិមានរម្លឹកដល់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងសង្រ្គាមលោក លើកទី១ ត្រូវបានសាងសង់ឡើងវិញ ក្រោយបាត់រូបរាងជិត ៥០ឆ្នាំ

២៦ មករា ២០២៣ | ព័ត៌មានជាតិ



វិមានរម្លឹកដល់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងសង្រ្គាមលោក លើកទី១ ដែលត្រូវបានបំផ្លាញ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ឡើងវិញ នៅថ្ងៃនេះ។ វិមាននេះ ត្រូវសាងសង់ឡើង ក្បែរទីតាំងចាស់ គឺនៅក្នុងបរិវេនសួនច្បារ មុខស្ថានទូតបារាំង ហើយគម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿងបង្គុំឡើងវិញ គឺផ្អែកតាមបំណែកផ្ទាំងចម្លាក់ ដែលរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ និងឯកសារជាច្រើនទៀត ។ 

 

វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្រ្គាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ត្រូវបានស្ថាបនាឡើងវិញ បន្ទាប់ពីបាត់រូបរាងអស់រយៈពេល៤៦ឆ្នាំ ដោយសារការដាក់គ្រាប់បែកបំផ្ទុះបំផ្លាញចោល នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាលពីឆ្នាំ១៩៧៧។


ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់វិមាននេះឡើងវិញ បានប្រារព្ធឡើងក្រោម ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម អូលីវ្យេ ប៊ិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តី អឺរ៉ុបនិងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសទេស ភាពទាក់ទាញ និងជនជាតិបារាំងក្រៅប្រទេស នៃសាធារណរដ្ឋបារាំង នៅថ្ងៃទី២៥ ខែមករានេះ។

 

 


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ការសាងសង់វិមាននេះឡើងវិញ គឺដើម្បីរំលឹកដល់ជ័យជម្នះរបស់បារាំង និងពលិកម្មរបស់កម្ពុជាក្នុងការបញ្ជូនទ័ពទៅជួយច្បាំងក្នុងសង្គ្រាមលោកលើកទី១ និងដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ បារាំង-ខ្មែរ។

 


ជាមួយគ្នានេះ ឯកឧត្តម អូលីវ្យេ ប៊ិច រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្រ្តី អឺរ៉ុបនិងកិច្ចការបរទេសទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេសទេស ភាពទាក់ទាញ និងជនជាតិបារាំងក្រៅប្រទេស នៃសាធារណរដ្ឋបារាំង ក៏បានបង្ហាញក្តីរំភើបចំពោះការសម្រេចចិត្តដ៏មាន អត្ថន័យក្នុងការសាងសង់វិមាននេះឡើងវិញ ដោយសារទីនេះជាកន្លែងមួយដែលរំលឹកនូវប្រវត្តិសាស្ត្ររួមក៏ដូចជាគូសបញ្ជាក់សារជាថ្មីនូវគុណតម្លៃដែលកម្ពុជា បារាំងមានរួមគ្នា។ ហើយកាយវិការនេះ បានឆ្លុះបញ្ចាំងឱ្យឃើញនូវជម្រៅនៃទំនាក់ទំនងដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ក៏ដូចជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា និងបារាំង មានរួមគ្នា ដែលគិតមកដល់ពេលនេះគឺមានរយៈពេល១៦០ឆ្នាំហើយ។ 

 


គួរបញ្ជាក់ថា វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨“ ជាស្តូបអនុស្សាវរីយ៍រវាងទាហានខ្មែរនិងបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ ដោយអាជ្ញាធរបារាំង និងឥស្សរជនខ្មែរបានព្រមព្រៀងគ្នាសាងសង់ស្តូបនេះឡើងនៅក្នុងទីធ្លាមួយទល់មុខស្ថានទូតបារាំង ខាងត្បូងរង្វង់មូលគល់ស្ពានជ្រោយចង្វារ កាលពីឆ្នាំ១៩២៥។ ប៉ុន្តែក្រោយមកត្រូវបានកងទ័ពខ្មែរក្រហម ដាក់គ្រាប់បែកបំផ្ទុះបំផ្លាញចោល កាលពីឆ្នាំ១៩៧៧។

 

 

ចំពោះគម្រោងសាងសង់ឡើងវិញ គឺប្រើប្រាស់រយៈពេល៨ខែ ដោយក្រុមការងារបច្ចេកទេសបានជ្រើសរើសទីតាំងថ្មី ស្ថិតនៅក្បែរទីតាំងចាស់ នៅសួនច្បារពីមុខស្ថានទូតបារាំងប្រចាំកម្ពុជា ហើយគម្រោងប្លង់ស្ថាបត្យកម្ម និងគ្រឿង បង្គុំឡើងវិញ គឺផ្អែកតាមបំណែកផ្ទាំងចម្លាក់ ដែលរក្សាទុកនៅសារមនី្ទរជាតិភ្នំពេញ និងឯកសារជាច្រើនទៀតជាមូលដ្ឋានសាងសង់ឡើងវិញ៕
 

 

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024