ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ការវិនិយោគពីបរទេសមកកាន់ប្រទេសថៃ បានកើនឡើង ៥៦% ដល់ជិត ៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២២ ដោយប្រទេសជប៉ុន បានឈរនៅលើកំពូលតារាង សម្រាប់ការអភិវឌ្ឍអាជីវកម្មនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ របស់ សារព័ត៌មានក្នុងស្រុកថៃ។ យោងតាមក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា តម្លៃវិនិយោគរបស់ប្រទេសជប៉ុន មានចំនួនជាង ១ពាន់ ២រយលានដុល្លារអាមេរិក តាមពីក្រោយដោយប្រទេសចិន ដែលមានដើមទុនវិនិយោគចំនួន ៧០០លានដុល្លារអាមេរិក។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអះអាងថា គណៈកម្មាធិការពាណិជ្ជកម្មបរទេស បានផ្តល់ការអនុញ្ញាតក្រោមច្បាប់ធុរកិច្ចបរទេសដល់ កម្មវិធីវិនិយោគសរុប ចំនួន ៥៨៣គម្រោង ក្នុងឆ្នាំ ២០២២ កើនឡើង ២%។ តម្លៃនៃការវិនិយោគក្នុងឆ្នាំ ២០២១ គឺប្រមាណ ២ពាន់ ៥រយលានដុល្លារអាមេរិក។
ការវិនិយោគពីបរទេសកាលពីឆ្នាំ ២០២២ បានបង្កើតការងាររបស់កម្មករក្នុងស្រុកចំនួនជាង ៥ពាន់កន្លែង ធ្លាក់ចុះ ៤% ធៀបនឹងឆ្នាំ ២០២១។ ក្រសួងពាណិជ្ជកម្មថៃ បានបន្ថែមថា និយោជិតធុរកិច្ចជប៉ុន ក៏ជាប់ចំណាត់ថ្នាក់លេខ ១ផងដែរ បើគិតពីចំនួនរបស់ពួកគេ។
មានវិនិយោគិនជប៉ុនចំនួន ១៥១នាក់ ស្មើនឹង ២៦% នៃអ្នកវិនិយោគបរទេសសរុប បន្ទាប់មកអ្នកវិនិយោគ ៩៨នាក់មកពីប្រទេសសិង្ហបុរី និង ៧១នាក់មកពីសហរដ្ឋអាមេរិក។ ដោយឡែក វិនិយោគិនចិន មានត្រឹមតែ ៣១នាក់ ប៉ុន្តែតម្លៃនៃការវិនិយោគរបស់ពួកគេ គឺមានទំហំធំលំដាប់ទី ២ បន្ទាប់ពីជនជាតិជប៉ុន។
សំណើវិនិយោគភាគច្រើន ដែលត្រូវបានអនុញ្ញាតក្នុងឆ្នាំ ២០២២ គឺស្របតាមគោលដៅរបស់រដ្ឋនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មគោលដៅ រួមទាំងអាជីវកម្មដែលទាក់ទងនឹងការរចនា និងការដំឡើង និងត្រួតពិនិត្យប្រព័ន្ធស្តុកថាមពល សម្រាប់គម្រោងរោងចក្រថាមពលរួមបញ្ចូលគ្នា។
អាជីវកម្មទាក់ទងនឹងរថយន្តអគ្គិសនី ក៏ដូចជាការអភិវឌ្ឍន៍ផ្នែកទន់ និងបច្ចេកវិទ្យាឌីជីថលក៏ស្ថិតក្នុងចំណោមកម្មវិធីដែលត្រូវបានអនុម័តផងដែរ។ សូមជម្រាបថា ក្នុងឆ្នាំ ២០២២ មានអ្នកវិនិយោគបរទេសចំនួន ១១៩នាក់ ស្មើនឹង ២០% នៃអ្នកវិនិយោគសរុប កំពុងវិនិយោគនៅក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃ ហើយតម្លៃនៃការវិនិយោគរបស់ពួកគេគឺ ១ពាន់ ៦រយលានដុល្លារអាមេរិក ដែលតំណាងឱ្យ ៤១% នៃការវិនិយោគសរុប៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ