ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចមកត្រឹម ៥,៦% សម្រាប់ឆ្នាំ ២០២៣

២៦ មករា ២០២៣ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា សម្រាប់ការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ ២០២៣ គឺថយមកត្រឹម ៥,៦% ខណៈពីមុនគឺ ៦,៦% ទោះយ៉ាងណា វានៅតែជាតួលេខមួយល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា។  នាឱកាស វេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ឯកឧត្ដម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ គ្រោងនឹងមាន ៦,៦% ប៉ុន្ដែតាមការវាយតម្លៃចុងក្រោយ គឺមានកំណើនត្រឹមតែ ៥,៦% ប៉ុណ្ណោះ ជាតួលេខថ្មីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុម័តឲ្យប្រើប្រាស់ និងជាតួលេខប្រាកដនិយមជាងគេ ព្រមទាំងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃរបស់ ស្ថាប័នអន្ដរជាតិធំៗផងដែរ។

 


ឯកឧត្ដម វង្សី វិស្សុត បន្ថែមថា ឆ្នាំ ២០២៣ ជាឆ្នាំសាកល្បងមួយ ដែលត្រូវតទល់នឹងភាពលំបាក ដោយត្រូវប្រឈមហានិភ័យដូចជា បញ្ហាអតិផរណា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបញ្ហាប្រាក់ដុល្លារឡើងថ្លៃ ដែលហានិភ័យនេះ បានក្លាយជាការពិត ខណៈសេដ្ឋកិច្ចសកល ក៏ត្រូវបានស្ថាប័នអន្តរជាតិធំៗ ទម្លាក់ការព្យាករមកត្រឹម ២,៧% សម្រាប់ឆ្នាំ ២០២៣នេះ។

 


ឯកឧត្តម បន្តលើកឡើងថា តាមការវាយតម្លៃសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២២ គឺមានកំណើន ៥,២% រុញច្រានដោយ ការងើបឡើងវិញនៃវិស័យទេសចរណ៍ ការប្រើប្រាស់ក្នុងស្រុក និងឧស្សាហកម្មកម្មន្ដសាលមានភាពរឹងមាំ ព្រមទាំងការកើនឡើងនៃការនាំចេញផលិតសម្លៀកបំពាក់ជាដើម។

 


ជាមួយគ្នានេះ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣នេះ ធៀបនឹងឆ្នាំ២០២២ មានការកើនឡើងបន្ដិច ដោយសារតែការងើបឡើងនៃវិស័យកសិកម្មបន្ដិច ខណៈផលិតផលកម្មន្ដសាលមិនមែនកាត់ដេរ រំពឹងមានកំណើនខ្ពស់ ហើយក្ដីសង្ឃឹមខ្លាំងគឺ ការកើនឡើងនៃវិស័យទេសចរណ៍ ចំណែក ស៊ីហ្គេម ក៏ដើរតួនាទីធំក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា។

 


ទោះបីជាយ៉ាងណា វិស័យសំណង់ និងអចលនទ្រព្យ នៅតែស្ថិតក្នុងភាពទាន់មិនល្អប្រសើរនៅឆ្នាំ ២០២៣នេះ ដែលមានកំណើនយឺតយ៉ាវអូសបន្លាយបន្ដទៀត ប្រសិនបើសភាពការណ៍វិនិយោគខាងក្រៅប្រទេស មិនទាន់ប្រសើរឡើង៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024