ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤
ភ្នំពេញ ៖ ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គ លើកទី៦ ឆ្នាំ២០២៣ Angkor Ultra Trail ដែលនឹងចាបផ្តើមជាផ្លូវការនាអំឡុងដើមខែកុម្ភៈ ខាងមុខនេះទាក់ទាញបានអ្នកចុះឈ្មោះចូលរួមរត់មកពី៣៧ ប្រទេសជុំវិញពិភពលោក ។
បើតាមការបញ្ជាក់របស់ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មការអូឡាំពិកម្ពុជា នៅក្នុងសន្និសិទសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ នៅអគា NOCC បានអោយដឹងថា បើទោះបីជាការរៀបចំព្រឹត្តិការណ៍នេះឡើងវិញក្រោយពីវិបត្តិកូវីដក៏ពិតមែន ប៉ុន្តែយើងទទួលបានអ្នកចុះឈ្នោះចូលរួមលើសការរំពឹងទុក ច្រើនជាងឆ្នាំកន្លងទៅទ្វេរជាពីរ ដែលគិតមកដល់ពេលនេះមានចំនួនរហូតដល់ជាង ៨០០នាក់មកពី៣៧ប្រទេស ខណៈអ្នកចូលរួមភាគច្រើនគឺប្រជាជនបារាំង វៀតណាម និងម្ចាស់ផ្ទះកម្ពុជាមានរហូតដល់១៩១ឯណោះ ។
ឯកឧត្តមអគ្គលេខាធិការរូបនេះ បញ្ជាក់ទៀតថា «បើទោះបីជាទទួលបានកំណើនអ្នកចុះឈ្មោះចូលរួមច្រើនក៏ពិតមែន ប៉ុន្តែយើងនៅតែមានការរងចាំអត្តពលិកចិនព្រោះខាងភាគីចិនមិនទាន់បើកទ្វាជាផ្លូវការ អនុញ្ញាតិអោយប្រជាជនរបស់ខ្លួនចេញកំសាន្តតាមប្រទេសជិតខាងនៅឡើយទេ ដោយសារបញ្ហាជំងឺកូវីដ ១៩ ដូច្នេះយើងសង្ឃឹមថា ពេលកម្មវិធីជិតចាប់ផ្តើម នឹងទទួលបានការចុះឈ្មោះបន្ថែមពីភ្ញៀវមកពីប្រទេសចិន »។ ព្រឹត្តិការណ៍រត់នេះបានបង្ហាញ ការចាប់អារម្មណ៍ ដោយសារតែកូវីដបានធ្វើអោយវិស័យទេសចរណ៍ មិនដំណើការមួយរយៈពេល តែសម្រាប់កម្មវិធីរត់ចំងាយឆ្ងាយ ដែលបានរៀបចំក្រោយកូវីដបែបនេះ បែជាទទួលបានការចុះឈ្មោះកើនឡើងទៅវិញ លើសអ្វីដែលបានរំពឹងទុក ។
អ្នករៀបរូបនេះ បានបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍រត់ចំងាយឆ្ងាយនៅតំបន់អង្គរនេះ ទី១ ដើម្បីផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍របស់កម្ពុជាអោយកាន់តែមានសកម្មភាពខ្លាំងខ្លាឡើង។ គោលបំណងទី២ គឺយើងចង់លើកទឹកចិត្តអោយប្រជាពលរដ្ឋកម្ពុជាយើងចូលរួម ទទួលបានភាពសប្បាយរីករាយ មិនត្រឹមតែប៉ុណ្ណោះក៏ទទួលបានសុខភាពល្អ កាលណាប្រជាពលរដ្ឋ យើងទទួលបានសុខភាពល្អ ចូលរួមបានច្រើន ក៏ជាកម្លាំងមួយជួយដល់សេដ្ឋកិច្ចសង្គម ផលិតភាពនៃការធ្វើការងារតាមរយៈកម្លាំងពលកម្មក៏បានល្អដែរ ។
សូមជម្រាប់ជូនថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៦ ឆ្នាំ២០២៣ នាខេត្តសៀមរាប នឹងចាប់ផ្តើម នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយរត់លើវិញ្ញាសាជាច្រើនរួមមាន រត់ចម្ងាយ ១០០ គីឡូម៉ែត្រ រត់ចម្ងាយ ៦៤ គីឡូម៉ែត្រ រត់ចម្ងាយ ៤២ គីឡូម៉ែត្រ រត់ចម្ងាយ ៣២ គីឡូម៉ែត្រ រត់ចម្ងាយ ១៦ គីឡូម៉ែត្រ និងរត់ចម្ងាយ ៨ គីឡូម៉ែត្រ ៕
អត្ថបទ និងរូបភាព៖ សារ៉ាន ទីងី