ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ថ្នាក់ដឹកនាំវ៉ូវីណាមរម្លឹកជាថ្មីពីការខិតខំត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

២៥ មករា ២០២៣ | កីឡា

 

ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកយុវជនគិរីសួគ៌ បានបិទបញ្ចប់ដោយផ្លែផ្កា នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាមួយនឹងការស្វែងរកបាននូវធនធានកីឡាករ កីឡាការិនីឆ្នើមៗមកពីបណ្តាក្លិបនានា សម្រាប់គោលដៅអភិវឌ្ឍតទៅថ្ងៃអនាគត។  ឯកឧត្តម ម៉ុង គឹមហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដៃគូសហការណ៍ជាមួយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្នុងការរៀបចំការប្រកួតនេះឡើងប្រកបដោយជោគជ័យ។

 

ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់យោបល់ឱ្យកីឡាករ កីឡាការនី ឱ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុងយកចិត្តទុកដាក់បង្កើនសមត្ថភាពហ្វឹកហាត់ឱ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនចូលប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះឱ្យបានលទ្ធផល និងមេដាយមាសច្រើនទៀតជូនជាតិមាតុភូមិ។ ឯកឧត្តមក៏បានរម្លឹកជាថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រីគ្រូបង្វឹក កីឡាករជម្រើសជាតិទាំងអស់កុំឱ្យភ្លេចខ្លួនថាយើងកំពុងតែមានបេសកកម្មរួមមួយ ដែលវាមានតម្លៃជាប្រវត្តិសាស្ត្រហើយមិនអាចកាត់ថ្លៃបាន សម្រាប់ខ្លួនយើង ក្រុមគ្រួសារយើង និងប្រទេសជាតិយើង។

 

 

«គ្រប់គ្នាដែលនៅទីនេះ ទាំងថ្នាក់ដឹកនាំសហព័ន្ធ ក្រុមហ៊ុនឯកជន អ្នកសារព័មាន ប្អូនៗ ក្មួយៗ សុទ្ធតែជាចំណែក ជាកម្លាំង ចលករដែលមិនអាចខ្វះបាន ដែលរុញច្រានការប្រកួតកីឡាស៊ីហ្គេមរបស់យើងទទួលបានជោគជ័យ»។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ សាធារណជនទាំងអស់រួមគ្នាផ្សព្វ ផ្សាយព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានផុសផុល ក្រោមពាក្យស្លោក “កីឡារស់ក្នុងសន្តិភាព” ប្រជាជនម្នាក់ជ្រើសលេងកីឡា យ៉ាងតិចមួយប្រភេទប្រចាំជីវិត”។

 


ឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធបានបង្ហាញលទ្ធផលបច្ចេកទេសជ័យលាភីលើ១០វិញ្ញាសានេះថា ក្រសួងមហាផ្ទៃឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ១, លេខ២ ក្លិបសែនសុខ មេដាយមាស៣ និងសំរឹទ្ធ៣ ខណៈលេខ៣ ក្លិបសម្បត្តិមន្នី មេដាយមាស ២ ប្រាក់១ និងសំរឹទ្ធ៤។ រីឯលេខ៤ ក្លិបក្រសួងការពារជាតិ មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ២ ស្របពេលដែលក្លិបតាឡី ដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ ខណៈ៤ក្លិបផ្សេងទៀតឈរនៅលេខរៀងបន្តបន្ទាប់៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024