ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថៃ រំពឺងបញ្ចប់ កិច្ចចរចាពាណិជ្ជកម្មសេរីជាមួយ សហភាពអឺរ៉ុប

២៥ មករា ២០២៣ | សេដ្ឋកិច្ច

 

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ នឹងដឹកនាំក្រុមចរចាពាណិជ្ជកម្មរបស់ប្រទេសថៃ ទៅកាន់ទីក្រុង ព្រុចសែល នៅក្នុងសប្តាហ៍នេះ ដើម្បីបន្តការចរចាលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសហភាពអឺរ៉ុប ដោយរំពឹងទទួលបានលទ្ធផលគាប់ប្រសើរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Bangkok Post នៅក្នុងថ្ងៃនេះ។

 


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏សំខាន់បំផុតមួយ ដែលវិស័យឯកជនចង់បានជាយូរមកហើយ ប៉ុន្តែវានៅតែនៅឆ្ងាយពីការសម្រេចបាន។ លោកបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថៃ-សហភាពអឺរ៉ុប នៅពេលចូលជាធរមាន នឹងពិតជាបង្កើនទំហំពាណិជ្ជកម្មរវាងថៃ និងសហភាពអឺរ៉ុប ព្រមទាំងពង្រីកឱកាសពាណិជ្ជកម្ម និងផលិតផលនាំចេញរបស់ថៃ។

 


សហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ប្រទេស គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ របស់ប្រទេសថៃ បន្ទាប់ពីអាស៊ាន ចិន អាមេរិក និងជប៉ុន។
ការចរចាជាមួយ សហភាពអឺរ៉ុប ត្រូវបានផ្អាកបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ខណៈដែលសហភាពអឺរ៉ុប បានតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការព្យួរលទ្ធិប្រជាធិបតេយ្យ។ក្នុងឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសថៃ និងសហភាពអឺរ៉ុប បានកើនឡើងដល់ ៤១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧% នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។

 


ការនាំចេញរបស់ថៃ ទៅកាន់សហភាពអឺរ៉ុប មានចំនួនសរុប ១៧ពាន់ ៧រយលានដុល្លារកាលពីឆ្នាំ ២០២២ ដោយផលិតផលនាំចេញសំខាន់ៗរួមមាន កុំព្យូទ័រ គ្រឿងបន្លាស់កុំព្យូទ័រ គ្រឿងអលង្ការ ម៉ាស៊ីនត្រជាក់ ផលិតផលកៅស៊ូ និងបន្ទះសៀគ្វីអេឡិចត្រូនិច។  ទន្ទឹមនឹងនេះដែរ ការនាំចូលពីសហភាពអឺរ៉ុបបានឈានដល់ ១៨ពាន់ ២រយលានដុល្លារ ជាមួយនឹងផលិតផលសំខាន់ៗ រួមមានគ្រឿងម៉ាស៊ីន ផលិតផលឱសថ សារធាតុគីមី គ្រឿងម៉ាស៊ីនអគ្គិសនី និងឧបករណ៍ទាក់ទងនឹងវិទ្យាសាស្ត្រ និងឱសថ។

 


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ បានអះអាងថា លោកនឹងដើរតួជាអ្នកតំណាងរបស់ប្រទេសថៃ ដើម្បីជូនដំណឹងដល់សហភាពអឺរ៉ុបអំពី ការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយប្រសិនបើសហភាពអឺរ៉ុបយល់ព្រម ប្រទេសទាំងពីរ នឹងអាចបន្តនីតិវិធីចរចារៀងៗខ្លួន។ សូមជម្រាបថា បច្ចុប្បន្នប្រទេសថៃ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន ១៤ ដែលកំពុងដំណើរការជាមួយប្រទេសចំនួន ១៨ រួមទាំងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ ដែលបានចូលជាធរមាននៅដើមឆ្នាំមុន៕

 

 


អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024