ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គិតត្រឹមពេលនេះព្រះខ័នរាជស្វាយរៀងជាក្រុមដែលមមាញឹកក្នុងការហត្ថលេខានាំយកកីឡាករចូល

២៥ មករា ២០២៣ | កីឡា

 

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញកីឡាករបរទេសចំណូលថ្មី២រូបបន្ថែមទៀតហើយ ដើម្បីបង្រឹងក្រុមត្រៀមសំរាប់រដូវកាលថ្មី ជាពិសេសការប្រកួត Cambodian League Cup ដែលគ្រោងនឹងចាប់ផ្តើមនាអំឡុងខែកុម្ភៈខាងមុខនេះ ។ ចំពោះកីឡាករបរទេសចំណូលថ្មីរពីររូបនេះ សុទ្ធសឹងតែផ្លាស់មកពីអង្គរថាយហ្គឺរ រួមមាន

 

ទី១គឺ ខ្សែប្រយុទ្ធស្លាបប្រេស៊ីល Iago Bento Fernandes មានវ័យ ២៤ឆ្នាំ បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាដំបូងជាមួយ ក្លិបអង្គរថាយហ្គឺរ កាលពីឆ្នាំ ២០២១ កន្លងទៅ ។ សំរាប់រដូវកាល២០២២កន្លងទៅ រូបគេក៏ជាកីឡាករសំខាន់របស់ក្រុមមួយរូប ដែលស៊ុតបញ្ចូលទីបាន៧គ្រាប់ផងដែរ ។ សំរាប់រដូវកាលថ្មីជាមួយព្រះខ័នរាជស្វាយរៀង រូបគេនឹងពាក់អាវលេខ១៥ ។

 

ទី២គឺ ខ្សែប្រយុទ្ធស្លាបប្រស៊ីល Gabriel Silva ដែលមានវ័យ២៥ឆ្នាំ រូបគេមកប្រឡូកអាជីពបាល់ទាត់ដំបូងនៅកម្ពុជា ក្លិបអង្គរថាយហ្គឺរ កាលពីដើមឆ្នាំ២០២២ ។ ហើយនៅរដូវកាលដំបូងនៅលីគកំពូលកម្ពុជាជាមួយក្លិបដែលមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ រូបគេក៏ជាខ្សែប្រយុទ្ធដែលមានគុណភាពរបស់ក្រុម ដែលស៊ុតបញ្ចូលទីបាន១៥គ្រាប់ផងដែរ ។ សំរាប់រដូវកាលថ្មីជាមួយព្រះខ័នរាជស្វាយរៀង រូបគេនឹងពាក់អាវលេខ៩អោយក្រុម ។

 

 

ដូច្នេះគិតមកទល់ពេលនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្លិបដែលមានការនាំចូលកីឡាករច្រើនជាងគេហើយ ដោយក្នុងនោះ រួមមាន គួច ដានី ជារី ចន្ថាប៊ីន សេត រ៉ស៊ីប វីរៈ ដារ៉ា ណារ៉ុង កក្កដា Iago Bento និង Gabriel Silva ៕

 

 

 

អត្ថបទ និងរូបភាព៖ រ៉េត ស្ដាលីន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024