ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ប្រទេសអាលឺម៉ង់បញ្ជូនប្រព័ន្ធការពារដែនអាកាសPatriotទៅកាន់ប្រទេសប៉ូឡូញ

ប្រទេសអាលឺម៉ង់នៅថ្ងៃច័ន្ទបានបញ្ជូនប្រព័ន្ធការពារដែនអាកាសPatriot ទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយការពារលំហរអាកាសរបស់ប្រទេសសម្ព័ន្ធមិត្តអង្គការណាតូមួយនេះ។

 

 

 

 

បុរស២នាក់ ស្លាប់ដោយសារមីស៊ីលដែលទំនងជាមីស៊ីលបាញ់ដោយយោធាអ៊ុយក្រែនបាញ់ធ្លាក់នៅភូមិ Przewodow  ប្រទេសប៉ូឡូញ កាលពីខែវិច្ឆិកាឆ្នាំមុន។ហេតុការណ៍នេះនាំឱ្យមានការបារម្ភថា សង្គ្រាមនៅអ៊ុយក្រែនរាលឆ្លងព្រំដែន។ ជាលទ្ធផលរដ្ឋាភិបាលទីក្រុងប៊ែឡាំងនៃប្រទេសអាលឺម៉ង់ បានស្នើដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសPatriot ចំនួន៣ ទៅកាន់ប្រទេសប៉ូឡូញដើម្បីជួយការពារដែនអាកាសប្រទេសមួយនេះ។

 

មន្ត្រីយោធាអាលឺម៉ង់ លោក Joerg Sievers បានថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលបញ្ជូនប្រព័ន្ធការពារដែនអាកាសPatriotsយ៉ាងដូច្នេះថា«មូលហេតុមួយក្នុងចំណោមបណ្តាមូលហេតុជាច្រើនដែលប្រទេសអាលឺម៉ង់នៅពេលនេះ បញ្ជូនប្រព័ន្ធការពារដែនអាកាសPatriots ទៅកាន់ប្រទេសប៉ូឡូញ ដោយសារយើងឃើញភាពឆាប់រហ័សនៃការប៉ះទង្គិចរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន អាចឆ្លងរាលដាលលើប្រទេសសមាជិកអង្គការណាតូ។

 

លោក Sievers ដែលនឹងគ្រប់គ្រងកម្លាំងអាលឺម៉ង់នៅប្រទេសប៉ូឡូញ បានបន្តថា ប្រព័ន្ធការពារដែនអាកាសPatriot គឺជាប្រព័ន្ធការពារដ៏តឹងរ៉ឹង ហើយយើងសង្ឃឹមថា យើងនឹងអាចផ្តល់ការការពារគ្រប់គ្រាន់នៅទីនោះ ដើម្បីការពារមិនឱ្យកើតមានការវាយប្រហារ ឬគ្រោះថ្នាក់ផ្សេងៗដូចហេតុការណ៍កាលពីខែវិច្ឆិកាកន្លងទៅ នៅពេលអនាគត»។ លោកSievers និយាយសំដៅទៅលើហេតុការណ៍ដែល បុរស២នាក់ ស្លាប់ដោយសារមីស៊ីលអ៊ុយក្រែនដែលបាញ់ធ្លាក់នៅភូមិ Przewodow  ប្រទេសប៉ូឡូញ។

 

ប្រទេសរុស្ស៊ីចាប់ផ្តើមឈ្លានពានលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ដែលរដ្ឋាភិបាលនៃវិមានគ្រីមឡាំងលើកឡើងថា ជាប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន ប៉ុន្តែបណ្តាប្រទេសក្នុងពិភពលោកបានថ្កោលទោសប្រទេសរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែននឹងបានដាក់ទណ្ឌកម្មលើប្រទេសអាវុធនុយក្លេអ៊ែរមួយនេះផងដែរ។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024