ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ធនាគារជាតិនៃកម្ពុជា៖ វិស័យធនាគារ នៅតែរឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើក្នុងឆ្នាំ ២០២២

២៣ មករា ២០២៣ | សេដ្ឋកិច្ច

 

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ប្រព័ន្ធធនាគាររបស់កម្ពុជា បានបន្តទទួលបានកំណើនដ៏រឹងមាំ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើក្នុងឆ្នាំ ២០២២។ របាយការណ៍របស់ធនាគារជាតិបានបង្ហាញថា ប្រាក់កម្ចី បានកើនឡើង ២១% ដល់ ៥៦ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០២២ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ១៥% ដល់ ៤៥ ពាន់លានដុល្លារអាមេរិក។

 


កម្ចីនេះ ត្រូវបានផ្តល់ដល់វិស័យសំខាន់ៗដូចជា ពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងការផលិតជាដើម។ ជាមួយគ្នានេះ គណនីឥណទាន មានចំនួន ៣លាន ៧សែនគណនី ខណៈគណនីប្រាក់បញ្ញើ មានជាង ១៤លាន ៣សែនគណនី ត្រឹមដំណាច់ឆ្នាំ ២០២២។ របាយការណ៍បានបន្ថែមថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់ ៨០ពាន់លានដុល្លារនៅឆ្នាំ ២០២២ ដែលជាការកើនឡើង ១៥% ធៀបនឹងឆ្នាំ ២០២១។

 

 

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្តសាធារណៈ ចំពោះប្រព័ន្ធធនាគាររបស់ប្រទេសកម្ពុជា។ ឯកឧត្តម បន្តថា ប្រព័ន្ធធនាគារនៅតែរឹងមាំ និងធន់ ហើយវាបានបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងការជួយដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩។ 

 


លើសពីនេះ ប្រទេសកម្ពុជា បានកត់ត្រាគណនី E-wallet ចំនួនជិត ១៨លានគណនី គិតត្រឹមឆ្នាំ ២០២២ ដែលលើសពីចំនួនប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ១៦លាននាក់។ បច្ចុប្បន្នប្រទេសកម្ពុជា មានធនាគារពាណិជ្ជចំនួន ៥៨ ធនាគារឯកទេសចំនួន ៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន ២ពាន់ ៦រយ ព្រមទាំងម៉ាស៊ីនអេធីអឹមស្វ័យប្រវត្តិចំនួនជិត ៤ពាន់កន្លែងនៅទូទាំងប្រទេស។

 


ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងប្រកបដោយសុទិដ្ឋិនិយមក្នុងអត្រា ៦% ក្នុងឆ្នាំ ២០២៣ ដែលភាគច្រើនត្រូវបានគាំទ្រដោយកំណើនក្នុងវិស័យកាត់ដេរ និងកម្មន្តសាល ទេសចរណ៍ កសិកម្ម និងការងើបឡើងវិញបន្តិចម្តងៗនៃវិស័យសំណង់ និងអចលនទ្រព្យ។

 


ជាចុងក្រោយ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ដែរថា អតិផរណានៅឆ្នាំ ២០២៣ ត្រូវបានព្យាករថា ថយចុះមកត្រឹម ២,៥% តែក៏អាចប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារការអូសបន្លាយនៃសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024