ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ដើមផ្កាអង្គារសីល ដើមក្រូចតាំងលម្អ និងផ្កាស្បៃរឿង មានទីផ្សារខ្លាំង ក្នុងអំឡុងបុណ្យចូលឆ្នាំចិន

២០ មករា ២០២៣ | ព័ត៌មានជាតិ

 


ក្នុងឱកាសនៃបុណ្យចូលឆ្នាំចិននេះ អ្នកលក់ផ្កា មមាញឹកយ៉ាងខ្លាំង ស្របពេលពលរដ្ឋខ្មែរសែស្រឡាយចិន បាននាំគ្នាទិញផ្កា ដាក់តាំងតាមផ្ទះ ទៅតាមជំនឿរៀងៗខ្លួន។ អ្នកខ្លះទិញប្រភេទផ្កាស្បៃរឿង អ្នកខ្លះទិញដើមផ្កាអង្គារសីល និងអ្នកខ្លះទៀត ក៏ទិញប្រភេទដើមក្រូច ជាដើម។

 

ដើមផ្កាអង្គាសីល ដើមក្រូច និងដើមផ្កាស្បៃរឿងត្រូវបានដាក់លក់ត្រៀបត្រានៅតាមផ្លូវក្នុងឱកាសនៃបុណ្យចូលឆ្នាំចិនដែលកាន់តែខិតជិតមកដល់ ខណៈពលរដ្ឋខ្មែរ ដែលមានសែស្រឡាយចិនជាច្រើនកំពុងតែមមាញឹកក្នុងការរៀបចំសែនទៅតាមទំនៀមទំលាប់។

 

ក្រៅពីការរៀបចំសែន ពួកគេក៏និយមមានជំនឿទិញដើមផ្កាទាំងនេះទីលម្អរនៅតាមផ្ទះ ដើម្បីទទួលទេវតាឆ្នាំថ្មីរបស់ចិន ឲ្យពួកគេមានសិរីសួស្តី រកស៊ីមានបានជាដើម។ លោកស្រី កែវ ស្រីភាព ជាអ្នកលក់ផ្កានៅតាមបណ្តោយផ្លូវ ជា សុផារ៉ា បានឱ្យដឹងថា កំឡុងពេលនេះ ដើមផ្កាអង្គាសីលមានការពេញនិយមជាងផ្កាណាទាំងអស់ ក្រៅពីនោះ ផ្កាស្បៃរឿងក៏មានការពេញនិយមពីសំណាក់ប្រជាពលរដ្ឋយើងផងដែរ។ 
 

 

 

ចំណែកលោក ឌិន ធន ជាអ្នកលក់ផ្កានៅទីតាំងនេះមួយរូបទៀតក៏បានឱ្យដឹងដែរថា ការដាក់តាំងផ្កាដែលមានការពេញនិយមក្នុងឱកាសនៃបុណ្យចូលឆ្នាំចិននេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី ៥មករាមក និងមានអតិថិជនមកទិញជាបន្តបន្ទាប់រហូតមកដល់ថ្ងៃនេះ គឺអតិថិជននៅតែបន្តមកទិញច្រើន ខណៈបុណ្យចូលឆ្នាំចិនកាន់តែខិតជិតមកដល់ផង។ 

 

 

បើតាមការឱ្យដឹងពីអ្នកលក់ផ្កា បានឱ្យដឹងថា ផ្កាទាំងនេះត្រូវបាននាំចូលពីក្រៅប្រទេស និងបានត្រៀមយកចូលតាំងពីប្រមាណ ២ទៅ៣ខែមុន ដើម្បីធ្វើយ៉ាងណាឱ្យទាន់តម្រូវការអតិថិជននាគ្រប់បុណ្យទានទាំងអស់។ ក្រៅពីប្រភេទផ្កាដែលមានការពេញនិយមក្នុងឱកាសបុណ្យទាននីមួយៗ ប្រភេទផ្កាដទៃទៀតក៏មានតម្រូវការច្រើនដែរ អាស្រ័យទៅតាមការស្រឡាញ់របស់អតិថិជន។

 

 

គួរឱ្យដឹងដែរថា ប្រជាជនចិន ក៏ដូចជាពលរដ្ឋខ្មែរដែលមានសែស្រឡាយចិន មានជំនឿលើដើមផ្កាអង្គាសីល ថានឹងនាំលាភសំណាងដល់គ្រួសារ ប្រសិនបើពួកគេដាក់តាំងនៅក្នុងផ្ទះរបស់របសពួកគេ។ ហើយប្រសិនបើផ្កាអង្គារសិល្ប៍រីកច្រើននៅថ្ងៃចូលឆ្នាំទៀតសោត នោះទ្រព្យសម្បត្តិ នឹងហូរចូលច្រើនពេញមួយឆ្នាំ តែបើមិនរីកវិញ គេក៏រកស៊ីមិនឡើងពេញមួយឆ្នាំដែរ។ ដូច្នេះហើយទើបបានជាអ្នកទិញផ្កា ត្រូវរើសមើលផ្កាណាដែលគេប្រាកដថា នឹងរីកច្រើននៅថ្ងៃចូលឆ្នាំចិន៕
 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024