ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការវិនិយោគផ្ទាល់ពីបរទេស ចូលមហាអំណាចសេដ្ឋកិច្ចចិន កើនឡើង ៨% ក្នុងឆ្នាំ ២០២២

២០ មករា ២០២៣ | សេដ្ឋកិច្ច

 

ក្នុងមួយឆ្នាំ ២០២២ពេញ មហាអំណាចសេដ្ឋកិច្ចចិន បានទាក់ទាញលំហូរនិយោគផ្ទាល់ពីបរទេសប្រមាណ ១៨៩ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើង ៨% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអន្តរជាតិ CCTV នៅថ្ងៃនេះ។

 

 

បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា លំហូរវិនិយោគពីបរទេសចូលមកកាន់ មហាអំណាចសេដ្ឋកិច្ចចិន ធ្វើបានល្អក្នុងឆ្នាំ ២០២២ ដោយការវិនិយោគនៅក្នុងគ្រប់វិស័យ សម្រេចបានជាង ១៨៩ពាន់លានដុល្លារ កើនឡើង ៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។

 


ក្នុងចំណោមនោះ វិស័យឧស្សាហកម្ម សម្រេចបាន ៤៧ពាន់លានដុល្លារអាមេរិក កើនឡើង ៤៦% ខណៈវិស័យឧស្សាហកម្មបច្ចេកវិទ្យាទំនើប កើនឡើង ២៨% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។អំឡុងពេលនេះ ការវិនិយោគដោយផ្ទាល់ពី កូរ៉េខាងត្បូង មានការកើនឡើងខ្លាំងជាងគេបំផុតដល់ទៅ ៦៤% ខណៈប្រទេសអាល្លឺម៉ង់ កើនឡើង ៥២% និងចក្រភពអង់គ្លេសកើនឡើង ៤០%។

 


ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មចិន បានបន្ថែមថា ប្រទេសចិន នឹងចាត់វិធានការជាក់ស្តែង ដើម្បីពង្រីកការបើកចំហទីផ្សារបន្ថែមទៀត ដើម្បីទាក់ទាញនិងប្រើប្រាស់មូលធនបរទេស។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្រសួង នឹងប្រកាន់ខ្ជាប់នូវ គោលការណ៍រក្សាស្ថិរភាព ខណៈពេលដែលកំពុងស្វែងរកវឌ្ឍនភាព ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច នងស្ថិរភាព បង្កើន និងលើកកំពស់គុណភាពនៃការវិនិយោគបរទេស។សូមជម្រាបថា លំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ប្រទេសចិន បានកើនឡើង ២០% ដល់កម្រិតខ្ពស់បំផុត ១៧៩ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២១៕

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024