ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

អង្គការ ILO៖ កំណើនទីផ្សារការងារសកល អាចនឹងមានត្រឹម ១% ក្នុងឆ្នាំ ២០២៣

២០ មករា ២០២៣ | សេដ្ឋកិច្ច

 

អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO បានលើកឡើងថា កំណើនការងារសកល ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ១% នៅឆ្នាំ ២០២៣នេះ ធៀបនឹង ២% ក្នុងឆ្នាំ ២០២២ ដែលរងការវាយប្រហារដោយ វិបត្តិសេដ្ឋកិច្ចនៃសង្រ្គាមនៅអ៊ុយក្រែន អតិផរណាខ្ពស់ និងគោលនយោបាយរូបិយវត្ថុកាន់តែតឹងរ៉ឹង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។


អង្គការ ILO បាននិយាយនៅក្នុងរបាយការណ៍ស្តីពី និន្នាការសកលលោកថា ក្នុងពេលជាមួយគ្នានេះ ចំនួនអ្នកអត់ការងារធ្វើនៅលើពិភពលោក ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ៣លាននាក់ដល់ ២០៨លាននាក់ក្នុងឆ្នាំ ២០២៣ ខណៈដែលអតិផរណា នឹងកាត់បន្ថយតម្លៃប្រាក់ឈ្នួលពិតប្រាកដ។

 


ភាពខ្វះខាតនៃការងារថ្មី នឹងប៉ះពាល់ដល់ប្រទេសនានា នៅពេលដែលមនុស្សជាច្រើននៅតែងើបឡើងវិញពី ភាពតក់ស្លុតផ្នែកសេដ្ឋកិច្ចនៃជំងឺរាតត្បាតសកល ហើយមេរោគឆ្លង កំពុងហែកហួរពេញប្រទេសចិន បន្ទាប់ពី ចិន បានដកការរឹតបន្តឹងបិទខ្ទប់ដ៏តឹងរ៉ឹង។

 


លោក រីឆាត សាម៉ាន ប្រធាននាយកដ្ឋានស្រាវជ្រាវរបស់ ILO និងអ្នកសម្របសម្រួលនៃរបាយការណ៍ដែលបានចេញផ្សាយថ្មីរបស់ខ្លួនបាននិយាយថា ការធ្លាក់ចុះនៃកំណើនការងារសកល មានន័យថា ការខាតបង់ដែលបានកើតឡើងក្នុងអំឡុងពេលវិបត្តិកូវីដ១៩ គឺមិនត្រូវបានស្តារឡើងវិញមុនឆ្នាំ ២០២៥នោះទេ។

 


ការព្យាករណ៍ពីកំណើនការងារសកលនាពេលនេះ គឺទាបជាងការប៉ាន់ប្រមាណពីមុនរបស់ ILO ដែលកំណត់កំណើន ១,៥% សម្រាប់ឆ្នាំ ២០២៣។ILO បានបន្ថែមថា ការធ្លាក់ចុះនាពេលបច្ចុប្បន្ននេះមានន័យថា កម្មករជាច្រើន នឹងត្រូវទទួលយកការងារដែលមានគុណភាពទាប ជាញឹកញាប់ទទួលបានប្រាក់ខែទាប ជួនកាលមានម៉ោងការងារមិនគ្រប់គ្រាន់។

 


ជាចុងក្រោយ ដោយសារតម្លៃទំនិញ កើនឡើងលឿនជាងប្រាក់ចំណូលពលកម្ម វិបត្តិតម្លៃនៃការរស់នៅ  ប្រឈមនឹងការជំរុញឱ្យមនុស្សកាន់តែច្រើន ធ្លាក់ទៅក្នុងភាពក្រីក្រ ហើយស្ថានភាព អាចកាន់តែអាក្រក់ទៅៗ ប្រសិនបើសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះបន្ថែមទៀត៕
 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024