ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រំពឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅខែមីនា

២០ មករា ២០២៣ | សេដ្ឋកិច្ច

 

ប្រទេសកម្ពុជា និងភាគីអេមីរ៉ាតអារ៉ាប់រួម រំពឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាផ្លូវការ នៅខែមីនា ឆ្នាំ ២០២៣នេះ ដែលរំពឹងបង្កើនកំណើនសេដ្ឋកិច្ច បង្កើនលំហូរនៃការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ កាន់តែស៊ីជម្រៅ។ នេះបើយោងតាម ការចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃនេះ។

 


នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងជំរុញកិច្ចការដែលនៅសេសសល់ផ្សេងទៀត ដើម្បីឈានដល់ការបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការនៅខែមីនាខាងមុខ។

 


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានបន្តលើកឡើងពី លទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំចរចាជុំទី ១ កាលពីខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី ២កាលពីខែធ្នូ ឆ្នាំ២០២២ ដោយភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ។ 

 


ជាមួយគ្នានេះ ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍បញ្ចប់ការចរចានៅជុំទី ៣ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនាខាងមុខ នៅរាជធានីភ្នំពេញ។

 


សូមជម្រាបថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រកទីផ្សារកាន់តែទូលាយ ការបង្កើនលំហូរនៃការវិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដោយផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរបែប៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024