ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ក្រៅពីរបរធ្វើស្រែចំការ ពលរដ្ឋមួយចំនួន នៅស្រុកខ្សាច់កណ្ដាល ចាប់យករបរដាំស្មៅ

១៧ មករា ២០២៣ | ព័ត៌មានជាតិ


ការចាប់យករបរដាំស្មៅមួយមុខទៀតរបស់អ្នកភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ របរដាំស្មៅលម្អរតាមសួនច្បារនេះ កំពុងក្លាយជារបរពេញនិយមមួយ សម្រាប់អ្នកភូមិ បន្ទាប់ពីធ្វើស្រែចម្ការ និងការងាររោងចក្រ។ ដោយឡែក នៅឆ្នាំនេះ តម្លៃស្មៅលក់ចេញ មានតម្លៃខ្ពស់ ដោយក្នុងមួយម៉ែត្រការ៉េ ទទួលបានចន្លោះពី ៨កាក់ ទៅជាង ១ដុល្លារ។ តម្លៃនេះ បានកើនឡើង បើប្រៀបធៀបនឹងអំឡុងកូវីដ-១៩។

 


អ្នកស្រី គ្រុយ គឹមស្រ៊ី ពលរដ្ឋនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានឱ្យដឹងថា អ្នកស្រីបានងាកចេញពី ការងារជាកម្មការិនីរោងចក្រ មកប្រកបរបរដាំស្មៅជំនួសវិញ ព្រោះរបរមួយនេះ អាចរកចំណូលបានដោយ មិនចំបាច់ធ្វើការងារឆ្ងាយពីផ្ទះ និងងាយស្រួលក្នុងការដាំ ជាពិសេសនោះ មានឈ្មួញមកទិញដល់ផ្ទះ និងទទួលបានប្រាក់កម្រៃសមរម្យ។

 

 

តាមការឱ្យដឹងពីអ្នកស្រី គ្រុយ គឹមស្រ៊ី ដដែល តម្លៃស្មៅដែលអ្នកស្រីទទួលបានពីឈ្មួញនៅឆ្នាំនេះ គឺមានតម្លៃខ្ពស់ផងដែរ ដោយក្នុងមួយម៉ែត្រការ៉េ ទទួលបានជាង ១ដុល្លារ ដែលតម្លៃនេះបានកើនឡើង បើប្រៀបធៀបនិងអំឡុងកូវីដ-១៩ ។ 

 

 

ដោយឡែក ពលរដ្ឋមួយទៀត លោក ចឹម អឿន បានលើកឡើងថា ក្រៅពីរបរធ្វើស្រែចម្ការ លោកក៏ចាប់ យករបរដឹកជញ្ជូនស្មៅមួយមុខទៀត ដើម្បីបង្កើនចំណូលនៅក្នុងគ្រួសារ។ តាមការឱ្យដឹងបន្ថែម ការសម្រេចប្រកបរបរមួយនេះ ក៏ដោយសារលោកមើលឃើញថា ការដាំស្មៅលក់ទទួលបានការគាំទ្រច្រើនពីឈ្មួញ និងអ្នកទទួលទិញនៅលើទីផ្សារ៕ 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024