ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

យុវជនមួយក្រុម នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរីវ៉ាត់ បង្កើតក្លឹបកុមារមួយ ក្នុងគោលបំណងកាត់បន្ថយការរៀបការវ័យក្មេង នៅក្នុងភូមិឃុំរបស់ពួកគេ

១៣ មករា ២០២៣ | ព័ត៌មានជាតិ



ក្នុងគោលបំណងកាត់បន្ថយការរៀបការនៅវ័យក្មេង យុវជនមួយក្រុម នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បានបង្កើតកក្លឹបកុមារមួយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការរៀបការវ័យក្មេង ខណៈកន្លងមក នៅក្នុងភូមិឃុំរបស់ពួកគេ មានករណី រៀបការនៅវ័យក្មេងច្រើន ដែលអ្នកខ្លះត្រូវឈប់រៀន ដើម្បីរៀបការតាមគ្រួសារ។ តាមរយៈការផ្សព្វ ផ្សាយរបស់ពួកគេ ក៏មានការផ្លាស់ប្តូរឥវិយាបថ និងការយល់ដឹងបានច្រើនចំពោះបញ្ហានៃការរៀបចំផ្គូរផ្គងឱ្យកូនៗរបស់ពួកគេ រៀបការនៅវ័យក្មេងនេះ ផងដែរ។ 

 



យុវជនមួយក្រុម នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង បាននាំគ្នាបង្កើតក្លឹបកុមារមួយ ដើម្បីធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការរៀបការវ័យក្មេង ខណៈកន្លងមក នៅក្នុងភូមិ ឃុំ របស់ពួកគេធ្លាប់មានក្មេងស្រីរៀបការនៅចន្លោះអាយុពី ១៣ឆ្នាំឡើងជាច្រើន ស្របពេលដែលវ័យនេះ គឺជាវ័យដែលពួកគេកំពុងតែទទួលចំណេះដឹងពីការសិក្សាជាដើម។ 

 


យុវជន សំ សុធី ជាសិស្សថ្នាក់ទី ១២ម្នាក់ដែលរស់នៅក្នុងឃុំ ស្រែឬស្សី ស្រុកថាឡាបរីវ៉ាត់នេះ បានលើកឡើងថា ខ្លួនបានចូលរួមជាមួយក្លឹបកុមារនេះតាំងពីឆ្នាំ ២០១៩មក នឹងបានចូលរួមសកម្មភាពជាច្រើននៅតាមភូមិឃុំដែលពួកគេរស់នៅ ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាឪពុក ម្តាយទាំងអស់ មិនត្រូវរៀបចំឱ្យកូនៗរបស់ខ្លួនរៀបការនៅវ័យក្មេងនោះទេ។ 

 

 

ជាមួយគ្នានេះ លោកស្រី អៀម ខៀន ជាជំទប់ទីពីរនៅក្នុងឃុំ ស្រែឬស្សី ក៏បានឱ្យដឹងដែរថា កន្លងមកអាជ្ញាធរតែងតែបញ្រ្ជាបបញ្ហានៃការរៀបការនៅវ័យក្មេងនេះតាមសាលារៀន ក៏ដូចជានៅតាមសហគមន៍ពេលមានកម្មវិធីម្តងៗ ហើយជារឿយៗពេលដែលពលរដ្ឋនៅក្នុងឃុំមកស្នើធ្វើសំបុត្រអាពាហ៍ពិពាហ៍ខណៈពួកគេមិនទាន់គ្រប់អាយុ គឺអាជ្ញាធរមិនអាចផ្តល់ជូនបានទេ ព្រមទាំងធ្វើការណែនាំពួកគេបន្ថែមទៀតពីផលប៉ះពាល់នៃការរៀបការវ័យក្មេង។ 

 

 

តាមរយៈការបង្កើតក្លឹបកុមារកន្លងទៅនេះ លោកស្រីក៏សង្កេតឃើញថា គំនិតដែលរៀបចំផ្គូរផ្គងកូនៗរបស់គេឱ្យរៀបការនៅវ័យក្មេងមានការកាត់បន្ថយច្រើន ខណៈពលរដ្ឋនាពេលបច្ចុប្បន្នក៏មានការយល់ដឹងអំពីសារៈសំខាន់នៃការបញ្ជូនឱ្យកូនៗរបស់ពួកគេទៅសាលារៀនផង។ ប៉ុន្តែទន្ទឹមនឹងការកាត់បន្ថយទាំងនេះ ក៏នៅតែមានចំនួនតិចតួចនៅឡើយដែលកំពុងកើតមានឡើងនៅក្នុងឃុំរបស់លោកស្រី។ លោកស្រីក៏ផ្តាំផ្ញើរដល់ក្មេងស្រីទាំងអស់ មុនពេលសម្រេចចិត្តរៀបការ ត្រូវគិតឱ្យបានច្បាស់លាស់ យ៉ាងហោចណាស់ក៏ពួកគេបានបញ្ចប់ការសិក្សានៅកម្រិតវិទ្យាល័យជាមុនសិន ដើម្បីងាយស្រូលក្នុងការរកការងារធ្វើទៅថ្ងៃខាងមុខ៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី  

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024