ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ជប៉ុនផ្តល់ជំនួយជាង ២០ម៉ឺនដុល្លារអាមេរិក ដល់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅឃុំកំពង់ឃ្លាំង ខេត្តសៀមរាប

១៣ មករា ២០២៣ | ព័ត៌មានជាតិ


នៅព្រឹកថ្ងៃទី១២ ខែមករានេះ ស្ថានទូតជប៉ុន បានរៀបចំពិធីចុះហត្ថលេខា ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ នៅក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប។ គម្រោងនេះ មានថវិកាជាង ២០ម៉ឺនដុល្លារអាមេរិក នឹងផ្តល់ជាប្រយោជន៍ដល់ពលរដ្ឋ នៅក្នុងតំបន់នោះប្រមាណ ២៧០០នាក់។ 

 



គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារអាមេរិក នៅក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់ជូន ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ឬជំនួយឥតសំណង គូសាណូណិ។ គម្រោងនេះ នឹងប្រើប្រាស់ថវិការចំនួន ២០៤. ៦៣៧ដុល្លារអាមេរិក ត្រូវបានប្រគល់ជូនដល់ សមាគមទឹកស្អាតជនបទកម្ពុជា។ 

 

 

ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ៨គីឡូមែត្រ នឹងត្រូវបានដំឡើងនៅក្នុងឃុំកំពុងឃ្លាំង ខេត្តសៀមរាប ដែលប្រជាជនភាគច្រើននៅតំបន់នេះ មានការលំបាកក្នុងការទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព និងកំពុងប្រឈមនឹងហានិភ័យសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំ។ 

 

 

នៅក្នុងពិធីប្រគល់ជំនួយឥតសំណងនេះ លោក តានិណៃ អ៊ិឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គម្រោងនេះ លោកក៏ដូចជារដ្ឋាភិបាលជប៉ុនទាំងមូលរំពឹងថា ប្រជាជនជាង ២៧០០នាក់ ដែលរស់នៅក្នុងតំបន់នោះ នឹងអាចទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ ដែលនឹងអាចរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។

 

 

សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុននេះ បានចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូរបស់ពួកគេ ក៏ដូចជាជំរុញឱ្យមានភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ គិតចាប់តាំងពីឆ្នាំ ១៩៩១មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិការជាង ៦៦លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណិចំនួន ៧០១ គម្រោងនៅទូទាំងប្រទេស៕
 

 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024