ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ហង្ស ម៉ានីតា ធ្វើបានល្អគ្រប់យ៉ាងក្នុងការប្រកួតវគ្គបឋម ក្នុងកម្មវិធី Miss Universe 2022

១២ មករា ២០២៣ | កម្សាន្ដ

 

បេក្ខភាពតំណាងជាតិកម្ពុជា កញ្ញា ហង្ស ម៉ានីតា ធ្វើបានយ៉ាងល្អក្នុងវគ្គប្រកួតបឋមកម្មវិធី Miss Universe 2022 ធ្វើឱ្យអ្នកគាំទ្រមានក្តីរំពឹងខ្ពស់លើថាកញ្ញា អាចនឹងបំបែកកំណត់ត្រានាំកម្ពុជាចូលដល់វគ្គ Top ចុងក្រោយបាន។  វគ្គប្រកួតបឋម (Preliminary Competition) កម្មវិធី Miss Universe 2022 បានចាប់ផ្តើមហើយ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency New Orleans សហរដ្ឋអាមេរិក ត្រូវម៉ោង៨ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា)។

 

 

ក្នុងនោះ កញ្ញា ហង្ស ម៉ានីតា បេក្ខភាពតំណាងជាតិកម្ពុជា ធ្វើបានយ៉ាងល្អតាំងពីការណែនាំខ្លួន ការដើរបង្ហាញម៉ូដឈុតហែលទឹក ឈុត Evening Gown និងការបង្ហាញម៉ូដឈុតតំណាងជាតិ «រុក្ខទេពធីតា»។ គួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ ម៉ានីតា បានជ្រើសយកផ្ការំដួល ដែលជាផ្កាតំណាងឱ្យផ្កាតំណាងជាតិខ្មែរ ទៅគូសបង្ហាញលើស្បៃឈុតហែលទឹក ភ្ជាប់ជាមួយស្នាមបាតដៃចម្រុះពណ៍ ជាពណ៌ឆ្លុះបញ្ចាំងពីភាពចម្រុះនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា និងវិសាលគមនៃភេទ និងភេទរបស់មនុស្ស និងបញ្ឈប់ការរើសអើង LGBTQ។

 

 

 ចំែណក ឈុុត Evening Gown អ្នកច្នៃម៉ូដ Rian Fernandez ជនជាតិហ្វីលីពីន បានជ្រើសយកពណ៌ទឹកប៉ិច សម្រាប់ ម៉ានីតា និងបានដាក់ឈ្មោះឈុតនោះថា «ឈុតត្រដាងចាប់ក្តីស្រមៃ» ដែលឈុតនេះត្រូវបានច្នៃឡើង ដោយប្រៀបប្រដូចទៅនឹងបេះដូងនៃប្រជាជនកម្ពុជា។ នេះជាការផ្គុំឈុតអាវធំ ជាមួយនិងលំហូរនៃត្បូងអង្កាំលើស្បៃដ៏ទន់ស្រាលនៃជាយរ៉ូប។ ពណ៌ស្វាយ និងពណ៌ខៀវតំណាងអោយភាពខ្ពង់ខ្ពស់ថ្កើងថ្កាន និងភាពរឹងបុឹងនឹងនរ។ ត្បូងអង្កាំចម្រុះពណ៌ត្រូវបានតម្រៀបជាទម្រង់ដើមជ្រៃបុរាណដែលបែកមែកសាខាត្រៀមនឹងឈោងចាប់ម្កុដក្នុងក្តីស្រមៃ។

 

 

មិនខុសពីឈុតហែលទឹក និងឈុត Evening Gown នោះទេ បវរកញ្ញាកូនកាត់ខ្មែរ-បារាំង រូបនេះ បានដើរបង្ហាញឈុតតំណាងជាតិ «រុក្ខទេពធីតា» ជាឈុតច្នៃបែបសហសម័យរួមបញ្ជូលសិល្បៈបុរេប្រវត្តិសាស្ត្រ នរគភ្នំ និងអង្គរ យ៉ាងជឿជាក់បំផុតលើឆាកប្រកួត Miss Universe 2022 ធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរនាងមិនបាន ព្រោះនាងធ្វើបានល្អគ្រប់ជ្រុងជ្រោយក្នុងការប្រកួតវគ្គបឋមនេះ ដោយនាងបានបង្ហាញស្នាមញញឹម ទឹកមុខមុតមាំ ភាពអង់អាច ឱ្យពិភពលោកបានឃើញពីភាពក្លាហានរបស់ស្ត្រីខ្មែរ។

 

 

អ្នកគាំទ្រពេញចិត្តលើនាងយ៉ាងខ្លាំងក្លា ហើយមានក្តីសង្ឃឹមខ្ពស់ថាបេក្ខភាពកម្ពុជាឆ្នាំនេះនឹងអាចបំបែកកំណត់ត្រានាំកម្ពុជាចូលដល់វគ្គ Top ចុងក្រោយបាន។ សូមជម្រាបថា ក្រោយចប់ការប្រកួតវគ្គបឋម (Preliminary Competition) នេះ កញ្ញា ហង្ស ម៉ានីតា ត្រូវត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ (Final Competition) ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ត្រូវព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (ថ្ងៃនៅកម្ពុជា)៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ Facebook page Miss Universe Cambodia

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024