ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កសិករចិញ្ចឹមសត្វ អរគុណ ប៉ុន្តែនៅត្រូវការជំនួយបន្ថែមទៀត ពីក្រសួង ស្ថាប័នពាក់ព័ន្ធ

១២ មករា ២០២៣ | ព័ត៌មានជាតិ



បន្ទាប់ពីមានកិច្ចអន្តរាគមន៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និង ក្រសួងសេដ្ឋកិច្ច រួចមក តម្លៃជ្រូករស់ នៅតាមកសិដ្ឋាន បានកើនឡើងបន្តិច។ ប៉ុន្តែតម្លៃនេះ មិនទាន់រួចថ្លៃដើមចិញ្ចឹមទេ។ ហេតុនេះ កសិករចិញ្ចឹមជ្រូក តាមរយៈប្រធានសមាគម បានថ្លែងអំណរគុណ និងសំណូមពរយ៉ាងទទូច ធ្វើយ៉ាងណា ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជួយឱ្យតម្លៃជ្រូករស់ ឡើងដល់យ៉ាងហោចណាស់ ក៏ស្មើថ្លៃដើមចិញ្ចឹមដែរ។

 



កសិករចិញ្ចឹមជ្រូកទាំងអស់នៅទូទាំងប្រទេស សូមថ្លែងអំណរគុណដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម និង ក្រសួងសេដ្ឋកិច្ច ដែលបានដាក់ចេញនូវយន្តការអន្តរាគមន៍នានា ធ្វើឱ្យតម្លៃជ្រូករស់នៅតាមកសិដ្ឋាន បានឡើងវិញបន្តិច ។ ទោះយ៉ាងណា តម្លៃនេះ នៅមិនទាន់រួចថ្លៃដើមចិញ្ចឹមនៅឡើយទេ ហេតុនេះ ទន្ទឹមនឹងថ្លៃអំណរគុណយ៉ាងក្លៀវក្លានេះទៅ កសិករចិញ្ចឹមជ្រូកនៅទូទាំងប្រទេសសំណូមពរយ៉ាងទទូច ដល់ក្រសួងស្ថានប័នទាំងនេះ មេត្តាជួយបន្តទៀត ធ្វើយ៉ាងណាឱ្យតម្លៃជ្រូករស់ឡើងទៅដល់ ១ ម៉ឺន ទៅ ១ ម៉ឺន ១ ពាន់រៀលក្នុង ១ គីឡូហ្ក្រាម ។

 

 

នេះគឺជាសាររបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តាមរយៈតេឡេហ្ក្រាម របស់ PNN នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នេះ ។ គួរជម្រាបជូនថា យ៉ាងហោចណាស់ក៏តាំងពីត្រីមាសទី ៣ នៃ ឆ្នាំ២០២២ ដែរ ដែលតម្លៃជ្រូករស់នៅកម្ពុជាបានដាំក្បាលចុះយ៉ាងគំហុកទៅដល់ក្រោមថ្លៃដើមចិញ្ចឹម ក៏នៅតែលក់ស្ទើរតែមិនចេញ បណ្តាលឱ្យកសិករខាតចុងខាតដើម រហូតអ្នកខ្លះខ្ស័យធនជំពាក់គេវណ្ឌ ក ។

 

 

ចំពោះកសិករលក្ខណៈគ្រួសារ ជាទូទៅយល់ថា ដោយសារការនាំចូលសាច់បង្កកខុសច្បាប់ មកលក់ក្នងតម្លៃថោកៗជាងទីផ្សារ ហើយថា តាមពិតទៅសាច់បង្កកទាំងនោះ គឺជាសាច់ហួសកាលបរិច្ឆេទបរិភោគ ឬ ជាសាច់សម្រាប់ធ្វើចំណីសត្វប៉ុណ្ណោះ ទើបគេចេះតែលក់ក្នុងតម្លៃថោកៗ ខណៈអ្នកបរិភោគ ពុំបានដឹងរឿងនោះឡើយ ពោលសាច់ជ្រូកដែលលក់នៅលើរានក្នុងទីផ្សារ ពុំបានធ្លាក់ថ្លៃ ដូចជ្រូករស់នៅតាមកសិដ្ឋានទេ ។ ចំណែកលោក ស្រ៊ុន ពៅ ដែលជាអ្នកក្តោបក្តាប់ព័ត៌មានបានទូលំទូលាយជាង យល់ថា មូលហេតុដែលជ្រូករស់នៅតាមកសិដ្ឋានធ្លាក់ថ្លៃយ៉ាងដូច្នោះ ដោយសារកត្តា ២ យ៉ាងគឺទី ១. ពិតជាដោយសារការនាំចូលសាច់បង្កកគ្មានច្បាប់ត្រួតពិតនិត្យពិតមែន ខណៈកត្តាទី ២ គឺសន្ទុះយ៉ាងលឿន នៃ ការចិញ្ចឹមជ្រូកនៅកម្ពុជា ។

 


ទោះយ៉ាងណា ចុងក្រោយនេះ គេឃើញរដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទើបតែចូលកាន់តំណែងថ្មី បាន និង កំពុង មមាញឹកសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដែលក្នុងនោះ វិធានការសំខាន់បំផុត ២ យ៉ាង គឺ ទី១. ត្រួតពិតនិត្យនូវការនាំសាច់បង្កកចូលពីបរទេស និងទី ២. នាំជ្រូកមួយចំនួននៅកម្ពុជា ចេញទៅលក់នៅក្រៅប្រទេស ជាពិសេសនៅប្រទេសចិន ហើយក៏បាន និង កំពុង រៀបចំនីតិវិធីបច្ចេកទេស និង លក្ខន្តិកៈភូតគាមអនាម័យជាដើម ដើម្បី នាំសត្វពីកម្ពុជា ទៅប្រទេសផ្សេងៗទៀត ដូចជាកូរ៉េខាងត្បូងជាដើម៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024