ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ជី ដេវីដ ទទួលកាដូនាឡិកាដៃតម្លៃជាង២ម៉ឺនដុល្លារ ក្នុងកម្មវិធីខួបដែលខ្លួនធ្វើទូតសុច្ឆន្ទៈរយៈពេល៣ឆ្នាំមកនេះ!

១១ មករា ២០២៣ | កម្សាន្ដ

 

តារាចម្រៀងរ៉េបល្បីឈ្មោះ លោក ជី ដេវីដ ត្រូវក្រុមហ៊ុនដែលលោកធ្វើជាទូតសុឆន្ទៈរយៈពេល៣ឆ្នាំ ពញ្ញាក់អារម្មណ៍កាដូនាឡិកាដៃមួយ តម្លៃជាង២ម៉ឺនដុល្លារ ក្រោយពីលោកទទួលបានជោគជ័យខ្លាំងលើការប្រគំតន្ត្រីថ្មីៗនេះ។

 


គិតមកទល់ពេលនេះរយៈពេល៣ឆ្នាំហើយ ដែលតារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីដ ហៅ ជី ដេវីដ បានឈរជើងជាទូតសុច្ឆន្ទៈឱ្យក្រុមហ៊ុន Sting Cambodia។ ដើម្បីអបអរសាទរដល់សមិទ្ធិផលដែលសម្រេចបានមកជាមួយគ្នារយៈពេល៣ឆ្នាំនេះ Sting បានរៀបចំកម្មវិធីខួបទូតសុច្ឆន្ទៈរយៈពេលបីឆ្នាំសម្រាប់ ជី ដេវីដ នៅសណ្ឋាគារ Hyatt Regency Phnom Penh និងបានធ្វើឱ្យតារាចម្រៀងរ៉េបល្បីល្បាញរូបនេះ ភ្ញាក់ផ្អើលនឹងកាដូនាឡិកាដៃម៉ាក Rolex Pepsi ដែលមានតម្លៃ ២៣០០០ដុល្លារ សម្រាប់អបអរភាពជោគជ័យដែលលោកសម្រេចបានក្នុងវិថីសិល្បៈជាមួយ Sting ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។ 

 

ម្ចាស់បទ I’m Bored បានបង្ហាញអារម្មណ៍រំភើបពេលក្រុមហ៊ុនភេសជ្ជៈដ៏ធំនេះរៀបចំកម្មវិធីដ៏ឱឡារិកនេះឡើង ថែមទាំងមានកាដូនាឡិកាដៃមកពញ្ញាក់អារម្មណ៍របស់លោកថែមទៀត។ រយៈពេល៣ឆ្នាំមកនេះ លោកនិងSting បង្កើតបានព្រឹត្តិការណ៍តន្រ្តីធំៗជាច្រើន លោកគ្មានពាក្យអ្វីក្រៅពីអរគុណដល់ Sting ដែលតែងតែជួយជំរុញ និងផ្តល់ឱកាសឱ្យលោកបានធ្វើគម្រោងធំៗផ្សេងៗទៀត។ លោកសង្ឃឹមថា នឹងអាចបន្តធ្វើ BA ឱ្យក្រុមហ៊ុននេះបន្តទៅច្រើនឆ្នាំទៀត។

 


សម្រាប់ឆ្នាំថ្មី២០២៣នេះ លោកនិងSting មានគម្រោងធំៗត្រូវធ្វើជាច្រើន ហើយកាន់តែរំជើបរំជួលជាងឆ្នាំមុនទៅទៀត។ កាន់តែពិសេសឆ្នាំ២០២៣នេះ លោកនិងSting នឹងរៀបចំមហោស្រពតន្ត្រីដែលធំបំផុតនៅកម្ពុជា ដើម្បីសម្ពោធភាគទាំងបីនៃអាល់ប៊ុម Passion II។ តាមគម្រោងកម្មវិធីមហោស្រពចំនួនពីរថ្ងៃនេះនឹងបង្ហាញវត្តមានតារាអន្តរជាតិល្បីៗនៅកម្ពុជា ដើម្បីអបអរភាពជោគជ័យរបស់លោក ជី ដេវីដ។

 

 

អ្នកស្រី អ៊ុំ ម៉ានិត ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកគ្រប់គ្រង ម៉ាកសញ្ញា និង ផ្សព្វផ្សាយពាណិជ្ជកម្ម របស់ Sting Cambodia បានមានប្រសាសន៍ថា យើងពិតជាមានមោទកភាពយ៉ាងក្រៃលែងដែលបានជួយសិល្បករកម្ពុជា និងជាចំណែកមួយនៃការអភិវឌ្ឍវិស័យតន្រ្តីក្នុងស្រុក។ កិច្ចសហការរវាង Sting និង ជី ដេវីដ គឺជាបទពិសោធន៍ដ៏គួរឱ្យរំភើបមួយសម្រាប់យើងទាំងអស់គ្នាក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ។

 

 

ដោយការសហការគ្នា យើងបាននាំយកការកម្សាន្តជាច្រើនទៅកាន់អ្នកគាំទ្រ ហើយខ្ញុំសូមជម្រាបទៅកាន់អ្នកទាំងអស់គ្នាថា ឆ្នាំ២០២៣ នឹងកាន់តែរំជើបរំជួល។​សូមជម្រាបថា អំឡុងពេលឈរជើងជាទូតសុឆន្ទៈរបស់ Sting រយៈពេល៣ឆ្នាំ ជី ដេវីដ ទទួលបានការគាំទ្រជាប្រចាំពីក្រុមហ៊ុនភេសជ្ជៈមួយនេះ ព្រោះលោកបានបង្ហាញនូវទេពកោសល្យក្នុងការបង្កើតតន្រ្តីថ្មីមួយសម្រាប់កម្ពុជា។ សិល្បករចម្រៀងរ៉េបរូបនេះ បានកសាងនូវភាពជោគជ័យជាច្រើនក្នុងអាជីពសិល្បៈរបស់លោក។ 

 

 

ក្នុងនោះការប្រគុំតន្ត្រីធំៗដែលបានលេចរូបរាងឡើងមានដូចជា ការប្រគំតន្រ្តីទោលក្នុងសាលដែលមានឈ្មោះថា “G-Devith x Sting Espresso” ការសម្ពោធអាល់ប៊ុមចម្រៀង “Passion” និងកម្មវិធី Family Friend Fan Party (FFF Party) ជាដើម។ នៅខែតុលា ឆ្នាំ ២០២២ Sting បានធ្វើឱ្យក្តីសុបិនធំបំផុតរបស់ ជី ដេវីដ ក្លាយជាការពិត ដោយបានរៀបចំការប្រគំតន្ត្រី “Passion The Album Concert by Sting MusicVerse” ដែលនោះជាបទពិសោធនៃការប្រគំតន្ត្រីតែមួយគត់គ្មានពីរ មិនមែនសម្រាប់តែសិល្បកររ៉េបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់អ្នកស្រឡាញ់តន្ត្រីកម្ពុជាផងដែរ៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024