ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

នាយកស៊ីម៉ាក់ ប្រាប់អ្នកប្រឡងជាប់ និងប្រឡងធ្លាក់ថា ត្រូវជួយលើកទឹកចិត្តគ្នា

០៦ មករា ២០២៣ | ព័ត៌មានជាតិ



នៅក្នុងពិធីសំណេះសំណាល និងចែករង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់បាក់ឌុប នៅស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃនេះ អគ្គនាយកស៊ីម៉ាក់ បានប្រាប់ទៅសិស្ស ដែលបានប្រឡងជាប់ថា កុំបញ្ឈឺ ឬបំបាក់ទឹកចិត្តអ្នកប្រឡងធ្លាក់ ប៉ុន្តែត្រូវជួយលើកទឹកចិត្ត។ ចំណែកអ្នក ដែលប្រឡងធ្លាក់ ក៏មិនត្រូវបាក់ទឹកចិត្តដែរ ហើយត្រូវបន្តខិតខំទាំងអស់គ្នា តទៅទៀត។


អ្នកដែលបានប្រឡងជាប់ ជាពិសេសទទួលបាននិទេសល្អ សូមកុំប្រើអាកប្បកិរិយា ឬ ពោលពាក្យសម្តី ជាការបញ្ឈឺឌឺដង ឬ បន្តុះបង្អាប់ ដែលជាការមាក់ងាយ ឬ ជាការលេងសើច បំបាក់ទឹកចិត្តដល់អ្នកដែលប្រឡងមិនជាប់ ឬ ជាប់និទេសមិនសូវល្អ ពីព្រោះតាមពិតទៅ អ្នកដែលបានប្រឡងជាប់ សុទ្ធតែល្អទាំងអស់ ទោះជាជាប់និទេសអ្វីក៏ដោយ ។

 

 

មិនតែប៉ុណ្ណោះ អ្នកដែលបានប្រឡងជាប់ សូមមេត្តាជួយលើកទឹកចិត្តដល់មិត្តភក្តិ ដល់អ្នករួមថ្នាក់ ឬ រួមសាលា និង រួមជំនាន់ ដែលប្រឡងមិនជាប់ ។ រីឯអ្នកដែលប្រឡងមិនជាប់ ក៏មិនត្រូវបាក់ទឹកចិត្តឡើយ គឺត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្តទៅទៀត ឬ ក៏ចាប់យកអាជីពណាមួយដែលសក្តិសមនឹងស្ថានភាពរបស់ខ្លួន ពីព្រោះថា ការប្រឡងជាប់បាក់ឌុប គ្រាន់តែជាការចាប់ផ្តើម នៃ ភូមិសិក្សាថ្មី ឬ បេសកកម្មថ្មីមួយទៀតតែប៉ុណ្ណោះ ។

 

 

នេះគឺជាអនុសាសន៍របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ នៅក្នុងពិធីសំណេះសំណាល និង ចែករង្វាន់លើកទឹកចិត្តដល់សិស្សដែលបានប្រឡងជាប់បាក់ឌុប នៅឯស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នេះ ដែលនៅក្នុងស្រុកលើកដែក ឆ្នាំនេះ សិស្សដែលបានប្រឡងជាប់បាក់ឌុប មានប្រមាណជា ៨៣ ភាគរយ ។

 


ឯកឧត្តម ហេង រតនា បានបន្ថែមថា ឥឡូវនេះអ្នកទាំងអស់គ្នា បានដើរមកដល់ផ្លូវបំបែក ដែលបានសេចក្តីថា អ្នកទាំងអស់គ្នាសុទ្ធតែត្រូវជ្រើសរើសផ្លូវដែលត្រូវដើររៀងៗខ្លួន ដោយរួមទាំងការជ្រើសរើសមុខជំនាញដែលត្រូវសិក្សា និង មុខរបរដែលត្រូវប្រកប ហើយថា គប្បីជ្រើសរើសទៅតាមទេពកោសល្យ ចំណង់ចំណូលចិត្ត តម្រូវការទីផ្សារ និង លទ្ធភាពរៀងៗខ្លួន ។

 


ក្រៅពីនេះទៅឯកឧត្តម ហេង រតនា ក៏បានលើកឡើងយ៉ាងសង្ខេប និងងាយៗយល់ នូវព្រឹត្តិការណ៍ជាតិ អន្តរជាតិ ដូចជាសាវតារ នៃ សង្គ្រាមនៅក្នុងប្រទេសកម្ពុជា នៅឥណ្ឌូចិន នៅលីប៊ី នៅ ស៊ីរី និងជាពិសេសនៅអ៊ុយក្រែន ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីទុក្ខសោកវិនាសព្រាត់ប្រាស ដែលកើតពីសង្គ្រាម និង គុណតម្លៃពុំអាចកាត់ថ្លៃបាន នៃ សន្តិភាព និង ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សតរៀងទៅ ៕

 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024