ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២៥
ស្តេចកំប្លែងហុងកុងទិនហ្វី ឬ Stephen Chow (ស្ទីហ្វិន ឆូវ) បានបង្ហើបពីការវិលត្រលប់មកសម្ដែងវិញសាជាថ្មី បន្ទាប់ពីបានចូលនិវត្តន៍ពីការងារនេះតាំងពីអាយុ ៤៦ ឆ្នាំ និងផ្ដោតតែលើការងារខាងក្រោមកាមេរ៉ា។
កាលពីថ្ងៃទី ៤ ខែមករា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា តារាសម្ដែង Stephen Chow កំពុងគិតអំពីការវិលត្រឡប់មកសម្តែងវិញ។ ចែករំលែកជាមួយ HK01 ប្រធានសមាគមផលិតភាពយន្ដហុងកុង និងជាមិត្តជិតស្និទ្ធរបស់ ស្ដេចកំប្លែង ទិនហ្វី បាននិយាយថា អារម្មណ៍ពុះកញ្ជ្រោលរបស់ Stephen Chow នៅក្នុងការសម្ដែងគឺនៅតែមាន។ យ៉ាងណាទស្សនិកជនដែលស្រលាញ់លោកនឹងត្រូវរង់ចាំ ២ទៅ៣ឆ្នាំទៀតទើបអាចទស្សនារឿងថ្មីរបស់លោក។
ប្រភពដដែលបានបន្ថែមថាគម្រោងរបស់ តារាវ័យ ៦០ឆ្នាំរូបនេះគឺចង់ត្រលប់មកសម្ដែងវិញមុនអាយុ ៦៥ ឆ្នាំ។គួររំឭកថា លោក ទិនហ្វី បានឈប់សម្តែង ហើយងាកមកធ្វើជាផលិតករ និងដឹកនាំភាពយន្តនៅឆ្នាំ២០០៨។ ភាពយន្តចុងក្រោយដែលលោកបានចូលរួមជាតួសម្តែងគឺរឿង CJ7 (ស៊ីជេសេវេន)។ ប៉ុន្មានឆ្នាំមកនេះ លោកបានផ្ដោតលើការតែងនិពន្ធដើម្បីបំពេញចិត្តស្រឡាញ់សិល្បៈ។
មានឈ្មោះល្បីពាសពេញពិភពលោក និងទ្រព្យសម្បត្តិរាប់សិបលានដុល្លារ ក៏ប៉ុន្តែ ទិនហ្វី ត្រូវបានគេស្គាល់ថាជាមនុស្សសន្សំសំចៃ រស់នៅសាមញ្ញ និងស្ងប់ស្ងាត់ខ្លាំង។ លោកតែងបង្ហាញមុខចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន តែនៅពេលដែលមានស្នាដៃ ឬការងារត្រូវផ្សព្វផ្សាយប៉ុណ្ណោះ ៕
ប្រែសម្រួល៖ វ៉ាន់ថន