ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១

០១ ធ្នូ ២០២២ | កីឡា

 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១  ដែលរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១នេះ ធ្វើឡើងក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។

 

ការប្រកួតកីឡាជាតិ លើកទី៣ រៀបចំឡើងនៅរាជធានីភ្នំពេញ, ខេត្តកំពត, ព្រះសីហនុ, កែប និងខេត្តសៀមរាប លើ ៣៨ប្រភេទកីឡា, ៣៥៦វិញ្ញាសា, និងមានប្រតិភូកីឡាសរុប ៤,៣៣៦នាក់។ ដោយឡែកការប្រកួតកីឡាជនពិការជាតិ លើកទី១ មានប្រតិភូកីឡាមកពីរាជធានី-ខេត្តចំនួន១៥ សរុប ២២២នាក់, មាន ៧ប្រភេទកីឡា និង ៤៩វិញ្ញាសា រួមមាន អត្តពលកម្ម ហែលទឹក បាល់បោះជិះរទេះ បាល់ទះអង្គុយ វាយសី វាយកូនឃ្លីលើតុ និងបូស្យា។


យោងតាមរបាយការណ៍របស់គណៈកម្មការប្រកួត បានឱ្យដឹងថា ក្រោមការប្រកួតដ៏ស្វិតស្វាញរយៈប្រមាណ១២ថ្ងៃនេះ ក្រសួងមហាផ្ទៃ ឈរនៅចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយសរុប ២១៤មេដាយ (មាស១០៤, ប្រាក់៦១, សំរឹទ្ធិ៤៩), ក្រសួងការពារជាតិ ឈរនៅចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយសរុប១២៤ (មាស៦០, ប្រាក់៣៣, សំរឹទ្ធិ៣១), ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសរុប៧៧ (មាស២៩, ប្រាក់២៤,សំរឹទ្ធិ៧៧), ខេត្តព្រៃវែង ឈរនៅចំណាត់ថ្នាក់ទី៤ ទទួលបានមេដាយសរុប៧៤ (មាស១៧, ប្រាក់២៨, សំរឹទ្ធិ២៩) ហើយខេត្តសៀមរាប ឈរនៅចំណាត់ថ្នាក់លេខ៥ ទទួលបានមេដាយសរុប៥៨ (មាស១៥, ប្រាក់២២, សំរឹទ្ធិ២១)។ 

 

ដោយឡែកលទ្ធផលនៃការប្រកួតកីឡាជនពិការជាតិលើកទី១វិញ ចំណាត់ថ្នាក់លេខ១ បានទៅលើខេត្តកណ្តាល ទទួលបានមេដាយសរុប២៨ (មាស១៥, ប្រាក់៤, សំរឹទ្ធិ៩), ចំណាត់ថ្នាក់លេខ២ បានទៅលើខេត្តស្វាយរៀង ទទួលបានមេដាយសរុប១៣ (មាស៧, ប្រាក់៥, សំរឹទ្ធិ១), ចំណាត់ថ្នាក់លេខ៣ បានទៅលើខេត្តកំពត ទទួលបានមេដាយសរុប៧ (មាស៤, ប្រាក់៣, សំរឹទ្ធិ០), ចំណាត់ថ្នាក់លេខ៤ បានទៅលើរាជធានីភ្នំពេញ ទទួលបានមេដាយសរុប២២ (មាស៣, ប្រាក់៩, សំរឹទ្ធិ១០) និងចំណាត់លេខ៥ បានទៅលើខេត្តកំពង់ស្ពឺ ទទួលបានមេដាយសរុប១០ (មាស៣, ប្រាក់៤, សំរឹទ្ធិ៣)។

 

មានប្រសាសន៍ក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ សម្តេចតេជោ ហ៊ុន សែន បាន អបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត រហូតដល់ទទួលបានជ័យជំនះជាទីមោទនៈនេះ។ សម្តេចតេជោ បានយកឱកាសនេះ អបអរសាទរចំពោះការដាក់បញ្ចូលកីឡា«គុនល្បុក្កតោ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ 

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្តេចតេជោ ក៏បានផ្តល់នូវទស្សនៈនិងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖
១-ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តដែលមិនទាន់ មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡា ឬ សមាគម កីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្តរបស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ។

 

២-ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡាដែលខ្លួនមានឧត្តមភាព និង ត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡា-ជាតិជនពិការលើកទី ២ ឱ្យបានកាន់តែច្រើន ។

 

៣-គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិត អន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ ។

 

៤-គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣ ។

 

 

៥-សម្តេចសូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។

 

 

៦-សូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជន នៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូ-កីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខនេះ។

 

 

៧-សូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ ដឹងអំពីបច្ច័យជាវិជ្ជមាន នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

 

 

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំធ្វើឡើងលើកដំបូងនៅក្នុងឆ្នាំ២០១៦។ ព្រឹត្តិការប្រកួតកីឡាជាតិ និងកីឡាជនពិការជាតិនេះ មានក្នុងគោលដៅលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតកម្រិតជាតិ និងឈានទៅរកស្តង់ដានៃការប្រកួតកម្រិតតំបន់ ព្រមទាំងដើម្បីត្រៀមលក្ខណៈឱ្យបានល្អ និងដណ្តើមមេដាយឱ្យបានច្រើន នៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។
 

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024