ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សិល្បករល្បីៗធ្វើឱ្យកក្រើកឆាកមរតកតេជោក្នុងថ្ងៃបិទកីឡាជាតិលើកទី៣ 

០១ ធ្នូ ២០២២ | កម្សាន្ដ

 

 

ពិធីបិទកីឡាជាតិលើកទី ៣ ក្នុងឆ្នាំនេះពិតជាធ្វើឱ្យកក្រើកឆាកជាមួយនឹងការសម្តែងរបស់សិល្បករល្បីៗជាច្រើន ដែលញាំឱ្យកម្មវិធីមានភាពអធិកអធម និងសប្បាយរីករាយ ។  ​នៅថ្ងៃបិទកម្មពិធីកីឡាជាតិលើកទី ៣ ម្សិលមិញនេះ សិល្បករ សិល្បការិនីជាច្រើនបានធ្វើឱ្យកក្រើកឆាកមរតកតេជោម្តងជាមួយនឹងការសម្តែងបទចម្រៀងដ៏ទាក់ទាញ និងមានអត្តន័យ ដោយម្នាក់បានបង្ហាញស្នាដៃប្លែកៗពីគ្នាជាមួយបទចម្រៀង ការសម្តែង និង ឈុតសម្លៀកបំពាក់ដ៏គួរឱ្យទាក់ទាញ។
 

ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ គឺមានអ្នកចូលរួមទស្សនាផ្ទាល់ប្រមាណជាង ៤ ម៉ឺននាក់ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ។ សិល្បករល្បីៗដែលបានចូលរួមក្នុងកម្មវិធីបិទកីឡាជាតិលើកទី ៣ នេះរួមមានតារាចម្រៀង ឱក សុគន្ធកញ្ញា លោក វណ្ណដា , លោក ជី ដេវីត , បាលី និងតារាចម្រៀងមួយចំនួនទៀត ។ នេះជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលកំពូលតារាចម្រៀងលំដាប់ប្រទេសជួបគ្នានៅលើឆាកតែម្តង ព្រមទាំងទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន  ។  

 


សម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញា បានជ្រើសរើសបទចម្រៀងដ៏ល្បីរបស់ខ្លួនដែលមានចំណងជើងថា « រស់ជាខ្លួនឯង » ដើម្បីយកមកបកស្រាយ អមជាមួយការសម្តែងក្បាច់រាំដ៏ទន់ភ្លន់ ជាពិសេសនាងបានតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនិងឈុតសម្លៀកបំពាក់ដ៏ទាក់ទាញ  ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ។ 

 


ដោយឡែកតារាចម្រៀងលោក វណ្ណដា វិញ ក៏មិនធម្មតាដែរ លោកបានជ្រើសរើសបទចម្រៀងល្បីរបស់ខ្លួនដែលមានចំណងជើងថា « Time To Rise » ដើម្បីយកមកបកស្រាយ ដោយលោកបានបង្ហើរសំនៀងជាមួយនិងវត្តមានព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតា គង់ ណៃ ។

 


ភ្លាមៗបន្ទាប់ពីសម្តែងចប់តារាចម្រៀង វណ្ណដា បាននិយាយទៅកាន់អ្នកគាំទ្រនៅលើ ហ្វេសប៊ុករបស់ខ្លួនថា «  នេះគឺជាលើកទី ១ របស់ខ្ញុំដែលបានធ្វើការសម្ដែងបទចម្រៀង "Time To Rise" ជាមួយលោកតា ព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំងលោកយាយ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពុកម៉ែបងប្អូន និងហ្វេនៗយ៉ាងច្រើននៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ។ ខ្ញុំពិតជាមិនអាចរកពាក្យអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងអារម្មណ៍នៅពេលនេះ ក្រៅពីមានមោទកភាពនិងទទួលបានភាពកក់ក្តៅពីសម្លេងអបអរសាទររួមបញ្ចូលជាមួយក្តីស្រឡាញ់ » ។ 

 


 
ចំណែកលោក ជី ដេវីត បានជ្រើសរើសបទចម្រៀងដែលមានចំណងជើងថា « វិរៈនារី ឬ Top Of The lady  » យកមកបកស្រាយ ទាំងបទចម្រៀងក៏ដូចជាការសម្តែងរបស់លោក ជី ដេវីត ពិតជាធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង ក្នុងនោះដែរតារាចម្រៀង ទេព បូព្រឹក្ស ក៏បានទៅគាំទ្រលោក ជី ដេវីដ ទាំងខ្លួនកំពុងមានផ្ទៃពោះ ។កម្មវិធីកីឡាជាតិលើកទី ៣ បានបញ្ចប់ទៅយ៉ាងរលូនដោយទទួលបានការសទរ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ហើយម្នាក់ៗចង់ឱ្យមានព្រឹត្តិការណ៍បែបនេះកើតឡើងជាបន្តបន្ទាប់ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ សុខ ពិសិដ្ឋ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024