ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ប្រកាសដាក់ឱ្យដំណើរការយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២

០១ ធ្នូ ២០២២ | ព័ត៌មានជាតិ

 

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសដាក់ឱ្យដំណើរការយន្ដការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២  ក្នុងបំណងធ្វើការផ្សព្វផ្សាយបន្ថែមអំពីប្រព័ន្ធគាំពារសង្គមឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់តំបន់គោលដៅ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ការដាក់ឱ្យដំណើរការយន្ដការផ្សព្វផ្សាយជាតិគាំពារសង្គមដំណាក់កាលទី២» នាថ្ងៃពុធនេះ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា  ការរៀបចំឱ្យ ដាក់ឱ្យដំណើរការនូវយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២នេះ សរបញ្ជាក់អំពីឆន្ទៈ និងការប្តេជ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមដ៏រឹងមាំមួយប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគ្រប់ក្រុមគោលដៅងាយរងគ្រោ ដែលជាការបោះជំហានថ្មីមួយបន្ថែមទៀតលើសមទ្ធិផលដ៏គាប់ប្រសើរនៃការងារទំនាក់ទំនង និងផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ធ្វើយ៉ាងណាឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព។ 
 

តាមការឱ្យដឹងបន្ថែម   សម្រាប់ការប្រកាសដាក់ឱ្យដំណើរការនូវយន្តការផ្សព្វផ្សាយជាតិគាំពារ សង្គមដំណាក់កាលទី២នាពេលនេះ នឹងផ្ដោត សំខាន់ទៅលើពលរដ្ឋក្រីក្រ និងពលរដ្ឋងាយគ្រោះ នៅតាមតំបន់ដាច់ស្រយ៉ាលដែលពិបាកក្នុងការទទួលព័ត៌មាន ដូចជាតំបន់បឹងទន្លេសាប និង តំបន់ជនជាតិភាគតិចរស់នៅជាដើម។

 

 

ជុំវិញរឿងនេះដែរ លោកស្រី ខូករីណា ហាយនីក នាយិការគ្រប់គ្រងកម្មវិធីលើកកម្ពស់ ប្រព័ន្ធគាំពារសង្គម និងសុខភាព នៃទីភ្នាក់ងារអាល្លឺម៉ងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (GIZ) និងជាតំណាងស្ថានទូតអាល្លឺម៉ងប្រចាំកម្ពុជា បានលើកឡើងអំពីកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាង GIZ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នាពេលកន្លងមក ពាក់ព័ន្ធនឹង សកម្មភាពគាំទ្រដល់ការងារលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ជាពិសេសការផ្សព្វផ្សាយ និង បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធគាំពារសង្គមដល់ប្រជាពលរដ្ឋគោលដៅនានា។ 

 

 

តាមការរបស់លោកស្រី GIZ នឹងសហការគាំទ្របន្តទៀតជាមួយរាជរដ្ឋាភិបាល ជាពិសេសជាមួយអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីឆ្ពោះទៅការ អភវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជាសម្រាប់គ្រប់គ្នា។

 

 

គួរបញ្ជាក់ជូនថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលសេនាធិការបច្ចេកទេសរបស់       គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាជាតិគាំពារសង្គម បានធ្វើការសហការជាមួយក្រសួងស្ថាប័ន  ពាក់ព័ន្ធ និងជាពិសេសដៃគូអភិវឌ្ឍន៍ រួមនិងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយព័ត៌មាន        សំខាន់ៗអំពីអត្ថប្រយោជន៍នានានៃប្រព័ន្ធគាំពារសង្គម ទៅកាន់ក្រុមប្រជាពលរដ្ឋគោលដៅ ។ 

 

 

 ដោយឡែក សម្រាប់ការប្រកាសដាក់ឱ្យដំណើរការនូវយន្តការផ្សព្វផ្សាយជាតិគាំពារសង្គម ដំណាក់កាលទី២នាពេលនេះ ក្រុមប្រឹក្សាជាតិគាំពារសង្គមក៏បានគិតគូរយកចិត្តទុកដាក់ ទៅលើការធ្វើសកម្មភាពផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ បដាផ្សព្វផ្សាយធំៗនៅតាមទីសាធារណៈ សារព័ត៌មានជាតិ និងអន្តរជាតិ និងបណ្តាញសង្គមនានាផងដែរ៕

 

 

អត្ថបទ៖ ជុំ ជោគជាតា រូបភាព៖ សែត ប៊ុនថាន់  
 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024