ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

របួសសន្តិសុខម្នាក់ករណីបំផ្ទុះគ្រាប់បែកនៅស្ថានទូតអ៊ុយក្រែនប្រចាំប្រទេសអេស្ប៉ាញ

មន្ត្រីសន្តិសុខស្ថានទូតអ៊ុយក្រែន ប្រចាំនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ រងរបួស នៅពេលលោកបើកស្រោមសំបុត្របង្កប់គ្រាប់បែកដែលជាសំបុត្រផ្ញើរទៅឯក អគ្គរដ្ឋទូតអ៊ុយក្រែននៅថ្ងៃពុធ។

 

 

 

 

មន្ត្រីសន្តិសុខរងរបួសស្រាល និងបានទៅព្យាបាលរបួសនៅមន្ទីរពេទ្យ។ នេះបើតាមការឱ្យដឹងពីមន្ត្រីរដ្ឋាភិបាលប្រទេសអេស្ប៉ាញ។

 

ក្រោយហេតុការណ៍នេះកើតឡើង លោក  Dmytro Kuleba រដ្ឋមន្ត្រីការបរទេសប្រទេសអ៊ុយក្រែន បានបញ្ជាឱ្យស្ថានទួតអ៊ុយក្រែនទាំងអស់នៅប្រទេសពង្រឹង សន្តិសុខឱ្យតឹងរឹងនិងជាបន្ទាន់។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងការបរទេសអេស្ប៉ាញ។

 

អ្នកនាំពាក្យដដែលបន្តថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានជម្រុញឱ្យប្រទេសអេស្ប៉ាញ ចាត់វិធានការបន្ទាន់ស៊ើបអង្កេតលើករណីវាយប្រហារនេះ។ អ្នកនាំពាក្យ បន្តថា ជនល្មើស នឹងមិនទទួលបានជោគជ័យឡើយនៅក្នុងការបង្អាក់ កិច្ចការការទូតរបស់ប្រទេសអ៊ុយក្រែន ឬបញ្ឈប់កិច្ចការប្រចាំថ្ងៃរបស់ស្ថានទូត អ៊ុយក្រែន ដែលធ្វើការងារពង្រឹងកម្លាំងអ៊ុយក្រែន និងប្រឆាំងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។

 

ប្រទេសរុស្ស៊ី បានឈ្លានពានប្រទេសអ៊ុយក្រែនកាលពី៩ខែមុន។

 

 

 


 

លោក Fernando Grande Marlaska រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអេស្ប៉ាញ បានថ្លែងទៅកាន់សភាក្រោយហេតុការណ៍កើតឡើងយ៉ាងដូច្នេះថា« យ៉ាងណាក៏ធូរស្រាលបន្តិចដោយសារជនរងគ្រោះរងរបួសស្រាល»។  

 

មន្ត្រីប៉ូលីសអេស្ប៉ាញឱ្យដឹងថា ក្រុមការងារស៊ើបអង្កេត បើកការស៊ើបអង្កេតលើករណីនេះ។

 

មន្ត្រីនៅស្ថានទូតអ៊ុយក្រែន បដិសេធធ្វើអត្ថាធិប្បាយលើករណីនេះ។ សារព័ត៌មានរដ្ឋអេស្ប៉ាញ ក៏មិនទទួលបានការបកស្រាយណាមួយពីប្រភពសំបុត្រឡើយ។

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024