ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

WTO៖ កំណើនពាណិជ្ជកម្មសកល ថយចុះនៅចុងឆ្នាំ ២០២២ ឆ្លងចូលដល់ឆ្នាំ ២០២៣

៣០ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO បានគូសបញ្ជាក់ថា កំណើនពាណិជ្ជកម្មសកល នឹងថយចុះនៅចុងឆ្នាំ ២០២២ ឆ្លងចូលដល់ឆ្នាំ ២០២៣ ដែលសបញ្ជាក់ដោយ សូចនាករវាស់ស្ទង់លំហូរពាណិជ្ជកម្ម ធ្លាក់ចុះជាងធម្មតា។ របាយការណ៍ដោយ អង្គការពាណិជ្ជកម្មពិភពលោក បានបង្ហាញថា សូចនាករវាស់ស្ទង់លំហូរពាណិជ្ជកម្មសកល ធ្លាក់ចុះមកត្រឹម ៩៦ពិន្ទុ ទាបជាងតម្លៃស្តង់ដារ ១០០ពិន្ទុ ដែលសបញ្ជាក់ពី ការធ្លាក់ចុះនូវ តម្រូវការទំនិញទូទាំងសកលលោក។

 


ប្រភពដដែលបានបន្ថែមថា សេដ្ឋកិច្ចសកលលោក នៅតែបន្តទទួលរងឥទ្ធិពលពី បញ្ហាជាច្រើនជុំវិញសកលលោក ដែលកំពុងកើតមានដូចជា វិបត្តិមេរោគកូវីដ១៩ និងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនជាដើម ជាហេតុនាំឱ្យ ពិន្ទុសូចនាករនេះ ធ្លាក់ចុះ។ជាមួយគ្នានេះ អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ព្យាករទម្លាក់ កំណើនពាណិជ្ជកម្មសកលនៅឆ្នាំ ២០២៣ មកត្រឹម ១% ដែលថយចុះយ៉ាងច្រើនពី ៣,៤%។

 


ក្រោយពីការពិនិត្យឡើងវិញនៃ ការព្យាករណ៍ពាណិជ្ជកម្មប្រចាំឆ្នាំរបស់ពួកគេ អ្នកសេដ្ឋកិច្ច WTO បានបង្ហាញថា ពួកគេរំពឹងថា កំណើនសេដ្ឋកិច្ចពិភពលោក នឹងកើនឡើង ២,៨% នៅឆ្នាំ ២០២២នេះ ប៉ុន្តែសម្រាប់ឆ្នាំ ២០២៣ កំណើន GDP រំពឹងថា នឹងមានត្រឹមតែ ២,៣% ប៉ុណ្ណោះ។ជាមួយគ្នានេះ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ហៅកាត់ OECD បានរក្សាការព្យាករណ៍នៅឆ្នាំ ២០២២ របស់ខ្លួន នៅកម្រិត ៣% ហើយរំពឹងថា សេដ្ឋកិច្ចសកល នឹងមានកំណើន ២,២% នៅឆ្នាំ ២០២៣។

 

 


ដោយឡែក មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកល នឹងកើនឡើងដល់ ៣,២% នៅឆ្នាំនេះ និង ២,៩% នៅឆ្នាំ ២០២៣។
ជាចុងក្រោយ អង្គការ WTO បានព្រមានថា ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន កំណើនពាណិជ្ជកម្មនៅឆ្នាំ ២០២៣ អាចធ្លាក់ដល់កម្រិតទាបអវិជ្ជមាន ដក ២,៨%  ប៉ុន្តែប្រសិនបើអ្វីៗផ្លាស់ប្តូរក្នុងទិសដៅវិជ្ជមាន វាអាចកើនឡើងដល់ ៤,៦%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា  រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024