ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ បញ្ជាក់ថា បទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ គឺជារឿងសំខាន់ ដើម្បីឆ្ពោះទៅរកមេដាយមាសនាស៊ីហ្គេម ២០២៣

៣០ ​វិច្ឆិកា ២០២២ | កីឡា

 
ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានលើកឡើងថា ការទទួលយកបទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ គឺជារឿងដ៏សំខាន់បំផុត ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ ។


ថ្លែងក្នុង ពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន បានជម្រុញឱ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជាត្រូវខិតខំដកស្រង់បទពិសោធបច្ចេកទេសពីការប្រកួតអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធទាំងនេះមកបង្ហាត់បង្រៀនដល់កីឡាករ កីឡាការិនីឱ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយមាសជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ និងសូមឱ្យសហព័ន្ធខិតខំបំផុសមហាជនឱ្យស្រឡាញ់ចូលចិត្តហាត់ហ្វឹកហ្វឺនកីឡាកាយសម្ព័ន្ធបន្ថែមទៀត នៅគ្រប់រាជធានី-ខេត្ត។

 


ក្នុងឱកាសនោះប្រធានសហព័ន្ធខាងក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មន្ត្រីបច្ចេកទេសគ្រប់រូប ដែលបានខិតខំអភិវឌ្ឍប្រភេទកីឡានេះរហូតជ្រើសរើសបានអត្តពលិកមានសមត្ថភាពល្អៗ ដើម្បីឆ្ពោះទៅរកឧត្តមភាព និងមេដាយក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣។

 


ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣លើប្រភេទកីឡាកាយសម្ព័ន្ធ ឆ្នាំ២០២២ទទួលបាននូវលទ្ធផលល្អប្រសើរ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស ទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ លទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ស្តាប់ការពន្យល់ ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក។

 


ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រតិភូ មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី ដែលបានចូលរួមប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ដោយគោរពបានតាមការណែនាំរបស់គណៈកម្មាធិការរៀបចំកីឡាជាតិលើកទី៣ រួមមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងអនុវត្តតាមបទបញ្ហាបច្ចេកទេសក្រមសីលធម៌កីឡា និងស្មារតី Fair Play ក្នុងការប្រកួត ទើបធ្វើឱ្យការប្រកួតនេះប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតចប់។  

 


សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានការចាប់អារម្មណ៍ទាំងក្នុងប្រទេស ក្នុងតំបន់ និងក្រៅតំបន់ យ៉ាងខ្លាំង តាមរយៈសមិទ្ធផលមេដាយថ្មីៗទួលមេដាយពីកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ដោយទទួលបានមេដាយប្រាក់ចំនួន០៣គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ព្រមទាំងមេដាយ ជើងឯកអាស៊ីលើកទី៧ ក្នុងខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃទទួលបានមេយប្រាក់០២គ្រឿង និងសំរឹទ្ធ១គ្រឿងបន្ថែមទៀត៕

 

 

អត្ថបទ  និងរូបភាព ៖  សារ៉ាន  ទីងី

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025