ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

«សំឡេងរាត្រី» ភាពយន្តខ្លីដឹកនាំដោយអតីតសិស្ស PSE និងសិស្សមជ្ឈមណ្ឌលបុប្ផាណា ក្លាយជាជយលាភី «ភាពយន្តខ្លីកម្ពុជាល្អបំផុត ឆ្នាំ២០២២»

៣០ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតរឿង «សំឡេងងរាត្រី» ភាពយន្តខ្លីដឹកនាំដោយអតីតសិស្ស PSE និងសិស្សមជ្ឈមណ្ឌលបុប្ផាណា ក្លាយជាជយលាភី ភាពយន្តខ្លីកម្ពុជាល្អបំផុត ឆ្នាំ២០២២ លើកទី១១។


«មហោស្រពភាពយន្តខ្លីចតុមុខ» (CSFF) ឆ្នាំ២០២២ លើកទី១១ បានបញ្ចប់ហើយកាលពីល្ងាចថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ដោយមានការចូលរួមពីគណៈមេប្រយោគ ភ្ញៀវកិត្តិយស ដៃគូសហការផ្សេងៗ និង សមិទ្ធករភាពយន្ត ក៏ដូចជាតួសម្តែងជាច្រើនរូបផងដែរ។

 

 

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះ បានធ្វើការបូកសរុបចំនួនទស្សនិកជនដែលបានចូលរួម មកមើលភាពយន្តខ្លីៗ ដែលមហោស្រពបានធ្វើការជ្រើសរើសទាំង៥៥រឿង ចំនួន៤ថ្ងៃដែលមានចំនួន ៥០០ នាក់ និងការផ្សព្វផ្សាយ តាមរយៈ បណ្តាញសង្គមដែលទទួលបានការចូលចិត្ត(likes)បន្ថែម ១ ៣៤៩នាក់, អ្នកចាប់អារម្មណ៍ (reaches) ១៦៣ ៧២៧នាក់  គិតពីថ្ងៃទី០៨ ខែមីនា (ថ្ងៃបើកទទួលរឿងប្រកួត) រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

 

 

ក្នុងនោះ ភាពយន្តខ្លីកម្ពុជាល្អបំផុត ឆ្នាំ២០២២ បានទៅលើរឿង «សំឡេងរាត្រី» ដឹកនាំរឿងដោយ សុខ ចាន់រ៉ាដូ ជាអតីតសិស្សមជ្ឍមណ្ឌលសោតទស្សន៍ បូប្ផាណា និង វ៉ាន់ គង្គា ជាអតីតសិស្ស PSE។ អ្នកទាំងពីរ ទទួលបានទឹកប្រាក់ ៤លានរៀល និងពានរង្វាន់មួយ។

 

 

ក្រៅពីនោះ ភាពយន្តខ្លីកម្ពុជាល្អបំផុតឆ្នើមបន្ទាប់ បានទៅលើរឿង «ថ្ងៃរះក្នុងចិត្ត» ដឹកនាំរឿងដោយ «សាន ដានេច» ទទួលបានទឹកប្រាក់ ២លានរៀល , រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក បានទៅលើរឿង «កញ្ញា អតិថិជន» ដឹកនាំរឿងដោយ «ទី ទេពនិមល» ទទួលបានទឹកប្រាក់ ១,២លានរៀល, ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងស្រុក បានទៅលើរឿង «ពលី» ដឹកនាំរឿងដោយ «ថោង សារ៉េត» ទទួលបានប័ណ្ណសសើរ ,ភាពយន្តខ្លីអន្តរជាតិល្អបំផុត បានទៅលើរឿង «Curupira and the Machine of Destiny» ដឹកនាំរឿងដោយ Janaina Wagner ទទួលបានទឹកប្រាក់ ១,២លានរៀល ,រង្វាន់ពីទស្សនិកជនដល់ភាពយន្តខ្លីអន្តរជាតិ បានទៅលើរឿង «Lili Alone» ដឹកនាំរឿងដោយ Zou Jing ទទួលបានបណ្ណសសើរ ,ចំណារលើកទឹកចិត្តពីមេប្រយោគក្នុងអន្តរជាតិ បានទៅលើរឿង «Domar» ដឹកនាំរឿងដោយ Alcibiade Cohen ទទួលបានប័ណ្ណសសើរ។ 

 

 

សូមជម្រាបថា មហោស្រពឆ្នាំនេះផ្ទាល់ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃនៅចុងខែវិច្ឆិកាចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៨ នៅទីតាំង៣កន្លែង៖ សាលសន្និសីទ ចតុម្មុខ រោងភាពយន្ត Legend Premium Noro Mall និង Major Phnom Penh Sorya ដោយមានការជ្រោមជ្រែង ពីស្ថាប័នដូចជា៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន អង្គការ Cambodian Children’s Fund, Purin Pictures Foundation, រោងភាពយន្ត Legend Cinema, Major Cineplex, Sabay News, EAC, ផលិតកម្ម Kongchak, SG Digital, Frutati និងអ្នករួមវិភាគទានគាំទ្រមហោស្រព ជាច្រើនរូប៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024