ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

តារាចម្រៀងល្បីអង់គ្លេស Dua Lipa ទទួលបានសញ្ជាតិអាល់បានីជាផ្លូវការ

៣០ ​វិច្ឆិកា ២០២២ | កម្សាន្ដ


 

តារាចម្រៀងស្រីអង់គ្លេស Dua Lipa (ឌួ លីប៉ា) ទទួលបានសញ្ជាតិអាល់បានីជាផ្លូវការ នៅក្នុងកម្មវិធីមួយដែលរៀបចំឡើងដោយប្រធានាធិបតីនៃប្រទេសអាល់បានីផ្ទាល់ ក្នុងទីក្រុង Tirana (ធីរ៉ាណា)។

 


តារាចម្រៀងអង់គ្លេស Dua Lipa ទទួលបានសញ្ជាតិថ្មីមួយទៀតពីប្រធានាធិបតីនៃប្រទេសអាល់បានី ក្រោយពីរូបនាងបានចូលរួមផ្សព្វផ្សាយពីប្រទេសមួយនេះជាញឹកញាប់លើឆាកអន្តរជាតិតាមរយៈបទចម្រៀង។

 

 

ក្នុងឱកាសទទួលបានឯកសារបញ្ជាក់ពីសញ្ជាតិជាផ្លូវការនេះ តារាស្រីវ័យ២៧ឆ្នាំរូបនេះ បានលើកឡើងថារូបនាងមានកិត្តិយសបំផុតដែលមានឱកាសតំណាងឲ្យប្រទេស និងជនរួមជាតិអាល់បានីលើឆាកអន្តរជាតិ។

 

 

Dua Lipa (ឌួ លីប៉ា) ចាប់កំណើតនៅទីក្រុងឡុងដ៏ក្នុងឆ្នាំ១៩៩៥ ជាមួយឪពុកម្ដាយជាជនជាតិអាល់បានី និងសញ្ជាតិកូសូវ៉ូ ដែលពួកគេបានភៀសខ្លួនមករស់នៅទីក្រុងឡុងដ៏ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០។ នៅឆ្នាំ២០០៨ ពេលមានអាយុ ១៣ឆ្នាំ នាងបានត្រលប់ប្រទេសកំណើតរបស់ឪពុកម្ដាយវិញដោយបានរស់នៅទីនោះអស់រយៈពេលពីរឆ្នាំមុនពេលត្រឡប់ទៅទីក្រុងឡុងដ៍ដើម្បីចាប់អាជីពជាអ្នកចម្រៀង។

 

 

ក្នុងពិធីផ្ដល់សញ្ជាតិផ្លូវការ ប្រធានាធិបតីនៃប្រទេសអាល់បានី បានហៅសមិទ្ធផលរបស់ម្ចាស់បទ “Break My Heart” (ប្រេក ម៉ាយ ហាត) ថាជាការលើកស្ទួយមុខមាត់សម្រាប់ប្រទេសអាល់បានី និងប្រទេសកូសូវ៉ូផងដែរ។

 

 

គួរបញ្ជាក់ថា Dua Lipa (ឌួ លីប៉ា) ទើបតែបានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍នៅទីក្រុង Tirana (ធីរ៉ាណា) នៅថ្ងៃទី២៩ ខែវិច្ឆិកា ចំថ្ងៃខួបឯករាជ្យជាតិលើកទី១១០របស់ប្រទេសអាល់បានីតែម្ដង ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024