ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ប្រណីតតាមតំបន់ឆ្នេរ និងកោះ 

២៩ ​វិច្ឆិកា ២០២២ | សេដ្ឋកិច្ច

 

ក្រសួងទេសចរណ៍ ជំរុញការអភិវឌ្ឍគោលដៅទេសចរណ៍ប្រណីតតំបន់ឆ្នេរ កោះ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាក់ទាញទេសចរបន្ថែមក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ ក្រោយវិបត្តិជំងឺកូវីដ១៩។


ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេនៅលើពិភពលោក និងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញក្រុមការងារបច្ចេកទេសត្រូវរៀបចំឱ្យមានទស្សនកិច្ច ទៅកាន់គោលដៅទេសចរណ៍ប្រណីតនៅតាមគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍។


ឯកឧត្តមបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យនោះ ភ្ញៀវទេសចរអន្តរជាតិជាង១២០នាក់ នឹងទៅទស្សនកិច្ចនៅគោលដៅទេសចរណ៍តំបន់ឆ្នេរ ដែលរំពឹងថា នឹងជួយទាក់ទាញ បាននូវភ្ញៀវទេសចរកាន់តែច្រើនទៅលេងតំបន់ឆ្នេរប្រណិតរបស់កម្ពុជា។


ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានផ្ដល់សារសំខាន់ថា «ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍ក្រោយវិបត្តិជំងឺកូវីដ១៩ គឺមានតែគោលដៅឆ្នេរសមុទ្រ កោះ និងសហគមន៍អេកូទេសចរណ៍នេះទេ ដែលដើរតួសំខាន់ក្នុងការទាក់ទាញនិងទទួលភ្ញៀវទេសចរបានច្រើន»។

 


ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ បានលើកឡើងអំពីគោលដៅសំខាន់ៗដែលគ្រោងនឹងរៀបចំទស្សនកិច្ចជូនប្រតិភូអន្តរជាតិខាងលើ ក្នុងនោះរួមមានដូចជាកោះរ៉ុង កោះឋានសួគ៌ កោះសង្សារ កោះក្របី កោះឫស្សី សហគមន៍អេកូទេសចរណ៍ពាមក្រសោប នៅខេត្តកោះកុង ក៏ដូចជាឆ្នេរសមុទ្រនានានៅខេត្តព្រះសីហនុផងដែរ។

 


ឯកឧត្ដម ជុក ជំនោរ បានបន្តថា ប្រតិភូដែលបានបញ្ជាក់ថានឹងចូលរួមក្នុងសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនេះ គឺមានមកពីប្រទេសវៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា និងប្រទេសក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea)។

 


បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានឲ្យដឹងថា ភ្ញៀវទេសចរដែលចូលទៅលេងកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកានេះ មានចំនួន ១៨ម៉ឺននាក់ កើនឡើង ៩% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ១៧ម៉ឺននាក់ កើនឡើង ១០% និងភ្ញៀវបរទេសមានប្រមាណ ៥ពាន់នាក់ ថយចុះជិត២%។ 

 


ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានជិត ២ពាន់នាក់ ថយចុះ ជិត១% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៨០០នាក់ ថយចុះ ៩% និងភ្ញៀវបរទេសមានប្រមាណ ១ពាន់នាក់ កើនឡើង ៧%។ រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាមានប្រមាណ ១៧ម៉ឺននាក់ កើនឡើង ៩% ក្នុងនោះភ្ញៀវជាតិ ១៧ម៉ឺននាក់ កើនឡើង ១០% និង ភ្ញៀវបរទេសមានប្រមាណ ៣ពាន់នាក់ ថយចុះ ៤%៕


 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024